រុស្ស៊ីចាប់ផ្តើមបញ្ជូនជំនួយគ្រាប់ធញ្ញជាតិទៅកាន់អាហ្វ្រិក
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ីលោក Dmitry Patrushev បានឲ្យដឹងថាប្រទេសនេះបានចាប់ផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន ២០០.០០០ តោនទៅកាន់ប្រទេសអាហ្វ្រិកចំនួន ៦ ក្នុងទម្រង់ជាជំនួយមនុស្សធម៌។
នៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រ Telegram រដ្ឋមន្ត្រី Patrushev បាននិយាយថា កប៉ាល់គ្រាប់ធញ្ញជាតិចំនួនពីរគ្រឿងដំបូង ដែលកប៉ាល់នីមួយៗផ្ទុកគ្រាប់ធញ្ញជាតិចំនួន ២៥.០០០តោន បានចាកចេញពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេស Burkina Faso និង Somalia។ តាមគម្រោង កប៉ាល់ទាំងពីរនេះនឹងចូលចតនៅប្រទេសអាហ្វ្រិកនៅចុងខែនេះ ឬដើមខែក្រោយ។ ការនាំចេញគ្រាប់ធញ្ញជាតិបន្ទាប់នឹងចេញដំណើរទៅប្រទេសអេរីទ្រា ហ្ស៊ីមបាវ៉េ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលមុនដំណាច់ឆ្នាំ។
ការផ្ទុកស្រូវសាលីទៅលើកប៉ាល់ នៅកំពង់ផែអន្តរជាតិ Rostov-on-Don ប្រទេសរុស្ស៊ី។ រូបថត៖ AFP/TTXVN |
កាលពីខែកក្កដាកន្លងទៅ នៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាជំនួយផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌រុស្ស៊ី-អាហ្រ្វិក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ជាមួយនឹងគ្រាប់ធញ្ញជាតិដល់ប្រទេសដែលខ្វះខាតបំផុតនៅអាហ្វ្រិក បន្ទាប់ពីប្រទេសនេះបានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅចំពេលមានជម្លោះ៕