រុស្ស៊ីបង្កើតច្រករបៀងមនុស្សធម៌ សម្រាប់ទាហានអ៊ុយក្រែនចាកចេញពីទីក្រុង Mariupol
(VOVWORLD) - នៅថ្ងៃទី ១៩ ខែមេសា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ទាហានអ៊ុយក្រែនដែលបានទម្លាក់អាវុធ ដើម្បីចាកចេញពីទីក្រុង Mariupol ។
ទាហានអ៊ុយក្រែននៅទីក្រុង Mariupol លើឆ្នេរសមុទ្រ Azov ។ (រូបថត៖ AP) |
នៅក្នុងសេចក្តីប្រកាសមួយ ប្រមុខមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិសហព័ន្ធរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev បានឲ្យដឹងថា ដើម្បីបើកច្រករបៀងមនុស្សធម៌នេះ កងកម្លាំងរុស្ស៊ីនិងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋស្វ័យប្រកាស Donetsk បានបញ្ឈប់សកម្មភាពយោធាទាំងអស់នៅជុំវិញរោងចក្រដែកថែប Azovstal។
ការសម្រេចចិត្តនេះ ត្រូវបាននាំចេញដោយភាគីរុស្ស៊ីបន្ទាប់ពីបានគិតគូរអំពីស្ថានភាពនៅរោងចក្រដែកថែប Azovstal និងផ្អែកលើគោលការណ៍មនុស្សធម៌។ ក្បួនរថយន្តមនុស្សធម៌ត្រូវបានដាក់ពង្រាយក្នុងគោលដៅចំនួនបី រួមមានឡានក្រុង រថយន្ត និងឡានពេទ្យដើម្បីដឹកជញ្ជូនទាហានចាកចេញពីទីក្រុងនេះ។ ទីជម្រកបណ្តោះអាសន្ននិងកន្លែងសង្គ្រោះបឋមក៏កំពុងបានបង្កើតឡើងផងដែរ។
នាថ្ងៃដដែលនោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា នឹងបណ្ដេញអ្នកការទូតហូឡង់ចំនួន ១៥នាក់ បន្ទាប់ពីទីក្រុង Amsterdam កាលពីខែមុន បានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ១៨នាក់ ចាកចេញពីប្រទេសនេះ។ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា នឹងបណ្តេញអ្នកការទូតប៊ែលហ្សិកមួយចំនួនជាការឆ្លើយតបផងដែរ។ រហូតមកដល់ពេលនេះ បណ្តាប្រទេសអឺរ៉ុបបានបណ្តេមន្ត្រីស្ថានទូតរុស្ស៊ីចំនួនជាង ៣០០នាក់ ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕