រុស្ស៊ីបានសង្កត់ធ្ងន់លើគោលដៅសម្រេចឲ្យបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយជាមួយអ៊ុយក្រែន
(VOVWORLD) - នៅថ្ងៃទី ២៥ ខែមីនា ប្រធានគណៈប្រតិភូចរចារុស្ស៊ី លោក Vladimir Medinsky បានឲ្យដឹងថា រុស្ស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយមួយក្នុងការចរចាជាមួយអ៊ុយក្រែន។ តាមលោក ប្រសិនបើគ្មានកិច្ចព្រមព្រៀងនេះទេ វានឹងមិនអាចឈានដល់ការឯកភាពគ្នានោះឡើយ ហើយទីក្រុងគៀវកំពុងតែអូសបន្លាយដំណើរការចរចានេះ។
ប្រធានគណៈប្រតិភូចរចារុស្ស៊ី លោក Vladimir Medinsky។ (រូបថត៖ AFP/TTXVN) |
មុននោះ លោកMedinsky បានប្រកាសថា ការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែន សម្រេចបានវឌ្ឍនភាពតិចតួចលើបញ្ហាសំខាន់ៗ។ ក៏ប៉ុន្តែ លោកបានឲ្យដឹងថាភាគីទាំងពីរកំពុងខិតទៅជិតការឯកភាពគ្នាលើបញ្ហាមួយចំនួនហើយ។ បើតាមមន្ត្រីចរចារូបនេះ ភាគីទាំងពីរនឹងបន្តការចរចានៅថ្ងៃទី២៦ មីនា ។
បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើការពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធឺណែតទាក់ទងនឹងស្ថានភាពអព្យាក្រឹតភាពរបស់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចចរចាទល់មុខគ្នាជាច្រើនលើក ដែលបានប្រព្រឹត្តិទៅនៅតំបន់ព្រំដែនរវាងបេឡារុស្សនិងអ៊ុយក្រែន។ រហូតមកដល់ពេលនេះ រុស្ស៊ីនិងអ៊ុយក្រែនមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់ស្តែងណាមួយឡើយ។ នាថ្ងៃទី ២១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា បញ្ហាទាំងអស់នឹងត្រូវបានពិភាក្សា ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យល់ព្រមធ្វើការចរចាដោយផ្ទាល់មុខ ដើម្បីបញ្ចប់ជម្លោះ៕