រុស្ស៊ីបានអះអាងថា នឹងបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស៊ែប៊ី
(VOVWORLD) - មេដឹកនាំស៊ែប៊ី លោក Aleksandar Vucic បានសង្កត់ធ្ងន់ថា ទីក្រុង Belgrade មិនមានជម្រើសណាមួយដែលអាចជំនួសឲ្យការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីនោះទេ។
រូបថត៖ REUTERS/TTXVN |
វិមានក្រឹមឡាំងបានប្រកាសថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២៩ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីស៊ែប៊ី លោក Aleksandar Vucic បានយល់ព្រមថា រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសស៊ែប៊ី ហើយប្រទេសទាំងពីរនឹងជំរុញទំនាក់ទំនងភាពជាដៃគូទ្វេភាគី។ យោងតាមវិមានក្រឹមឡាំង មេដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហានៅអ៊ុយក្រែន និងកូសូវ៉ូផងដែរ។
មេដឹកនាំស៊ែប៊ី លោក Aleksandar Vucic បានសង្កត់ធ្ងន់ថា ទីក្រុង Belgrade មិនមានជម្រើសណាមួយដែលអាចជំនួសឲ្យការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីនោះទេ។ បើទោះបីជាកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមជាសមាជិកសហភាពអឺរ៉ុបក៏ពិតមែន តែប្រទេសស៊ែប៊ីក៏កំពុងពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធារបស់ខ្លួនជាមួយរុស្ស៊ីផងដែរ៕