រុស្ស៊ីស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅអ៊ុយក្រែន
(VOVWORLD) - រុស្ស៊ីបានស្នើឲ្យមានកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ព័ត៌មានទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។
អនុប្រធានស្ថានបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy ។ (រូបថត៖ Huu Thanh/TTXVN) |
នៅក្នុងសារដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ៣ ខែមេសា ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ព័ត៌មានពាក់ព័ន្ធនឹងការរកឃើញសាកសពជាច្រើននៅទីរួមខេត្ត Bucha ជាយរដ្ឋធានីគៀវ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទម្លាក់កំហុសឲ្យយោធារុស្ស៊ី ដែលបង្កឧប្បត្តិហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថា វីដេអូនៃឧប្បត្តិហេតុនេះត្រូវបានរៀបចំឡើងដោយក្រុមជ្រុលនិយមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ៣ ខែមេសាបានប្រកាសថា កងកម្លាំងរបស់ខ្លួនមិនបានសម្លាប់ជនស៊ីវិលនៅទីរួមខេត្ត Bucha នោះទេ។
យ៉ាងណាមិញ អង្គការសហប្រជាជាតិមិនទាន់ប្រកាសថា តើត្រូវរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់តាមសំណើរបស់ភាគីរុស្ស៊ីដែរ ឬទេ៕