រុស្ស៊ី ចិន បន្តអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS នៅព្រឹកថ្ងៃទី៣០ ខែធ្នូ (ម៉ោងនៅទីក្រុងមូស្គូ) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xin Jinping) មានសន្និសីទ អនឡាញស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ក្នុងជំនួបពិភាក្សានេះ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-ចិនបានឆ្លងកាត់បញ្ហាប្រឈម និងអភិវឌ្ឍន៍ដល់កម្រិតខ្ពស់ថ្មី។ ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ពាណិជ្ជ កម្មទ្វេភាគីរវាងរុស្ស៊ី និងចិនក្នុងឆ្នាំ ២០២២ បានកើនឡើងដល់កម្រិតមួយ ប្រហែល ២៥% ហើយគោលដៅ កើនឡើងដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ នឹងសម្រេចបានមុនកាលកំណត់។ ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីទៅកាន់ប្រទេស ចិនបានកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ហើយការផ្គត់ផ្គង់ឧស្ម័ននឹងបន្តកើនឡើងនៅឆ្នាំ ២០២៣។ បច្ចុប្បន្នរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី ២ ក្នុងការផ្គត់ផ្គង់ឧស្ម័នតាមបំពង់ទៅប្រទេសចិន និងឈរលំដាប់ទី ៤ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរាវ។ នៅក្នុងខែវិច្ឆិកា ប្រទេសរុស្ស៊ីបាននាំចេញប្រេងឆៅចំនួន ៧,៨ តោនទៅកាន់ប្រទេសចិន ហើយបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ប្រទេសចិន។ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកកំពុងរង់ចាំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីនៅនិទាឃរដូវឆ្នាំ ២០២៣ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ចំណែកឯប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានប្រកាសថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីបង្ហាញថា មាននិរន្តរភាព។ ប្រទេស ចិនមានឆន្ទៈក្នុងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួនជាមួយរុស្ស៊ី។ ភាគីទាំងពីរគឺជាដៃគូសកលរបស់គ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕