រុស្ស៊ី ត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាជាមួយអ៊ុយក្រែន ដោយបានគិតគូរស្ថានភាពជាក់ស្តែង
(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងថា រុស្ស៊ីមិនដែលបដិសេធការចរចាជាមួយអ៊ុយក្រែនឡើយ ហើយទីក្រុងម៉ូស្គូនឹងដំណើរការចរចាដោយគិតដល់ស្ថានភាពជាក់ស្តែង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។ (រូបថត៖ Tehran Times/TTXVN) |
នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសរុស្ស៊ី ឆ្លើយសំណួរថាតើរុស្ស៊ីអូសបន្លាយកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិររបស់អ៊ុយក្រែនឬទេ លោកស្រី Zakharova បានមានប្រសាសន៍ថា ប្រការនេះគឺពឹងផ្អែកលើរបៀបបញ្ចប់ខ្លឹមសារនៃការចរចាពាក់ព័ន្ធនឹងរុស្ស៊ី មុនពេលឯកសារនេះអស់សុពលភាព។ តំណាងការទូតរុស្ស៊ីបានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះ ខ្លឹមសារនេះមិនទាន់មានវឌ្ឍនភាពណាមួយឡើយ សកម្មភាពនាំចេញស្បៀងអាហារនិងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកនៅតែប្រឈមនឹងឧបសគ្គជាច្រើន។
ស្តីពីទំនាក់ទំនងជាមួយអាមេរិក លោកស្រី Zakharova បានសង្កត់ធ្ងន់ថាក្រសួងការបរទេសរុស្ស៊ីមិនទាក់ទងជាមួយភាគីអាមេរិកទេ លើកលែងតែការជួបប្រាស្រ័យជាប្រចាំតាមរយៈស្ថានទូតនានា។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានឲ្យដឹងថា នាថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានបញ្ជាឲ្យដកកងទ័ពឆ្លងកាត់ទន្លេ Dnepr។ លោកបានបញ្ជាក់ថា កងទ័ពបានចាប់ផ្តើមដកទ័ពនិងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធានាការដឹកជញ្ជូនកងទ័ព សព្វាវុធ និងឧបករណ៍ឆ្លងកាត់ទន្លេ Dnepr ប្រកបដោយសុវត្ថិភាព។ នាថ្ងៃដដែល នោះ ប្រជាជនជាង ១១៥.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ Kherson ដើម្បីធានាសុវត្ថិភាព ចំពោះគ្រោះអាសន្នទឹកជំនន់នៅក្នុងតំបន់៕