លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian និងធ្វើការនៅប្រទេសចិន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈ ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអញ្ជើញចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian ឆ្នាំ ២០២៤ និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា។
សន្និសិទ WEF Dalian ២០២៤ ជាមួយប្រធានបទ "ជើងមេឃថ្មីរបស់កំណើន" គឺមាន ទ្រង់ទ្រាយធំទីពីរបន្ទាប់ពីសន្និសីទ WEF Davos ដោយមានការចូលរួមពីប្រតិភូចំនួន ១៦០០ នាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian ឆ្នាំ ២០២៤ និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា។ (រូបថត៖ VGP/Nhat Bac) |
នាយករដ្ឋមន្រ្តីវៀតណាមគឺជាប្រមុខរដ្ឋាភិបាលមួយក្នុងចំណោមប្រមុខរដ្ឋាភិបាលតិចតួចដែលទទួលបានការអញ្ជើញឱ្យចូលរួមក្នុងសន្និសីទក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ប្រការនោះបង្ហាញពីការគោរព និងការវាយតម្លៃខ្ពស់របស់ WEF និងសហគមន៍ធុរកិច្ច អន្តរជាតិចំពោះឋានៈ តួនាទី និងការរួមចំណែករបស់វៀតណាមដល់កំណើនសេដ្ឋកិច្ច សកល និងតំបន់។ នៅក្នុងសន្និសីទលើកនេះ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងមានសកម្មភាពជា បន្តបន្ទាប់ទាំងទ្វេភាគី និងពហុភាគី។ ជាពិសេសនៅឆ្នាំនេះ ជាលើកដំបូង ដែលនាយករដ្ឋមន្ត្រីវៀតណាមនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងមេដឹកនាំដទៃទៀត។ លើសពីនេះ លោកនាយក រដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា ធ្វើជាប្រធានកិច្ចសន្ទនា និងកិច្ចពិភាក្សា ជាមួយសហគមន៍ធុរកិច្ច ដែលធ្វើឡើងដាច់ដោយឡែកសម្រាប់វៀតណាម។
លោក នាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចែករំលែកការវាយតម្លៃ អត្ថាធិប្បាយ និង ទស្សនៈរបស់វៀតណាមអំពីសេដ្ឋកិច្ចពិភពលោក យថាទស្សន៍ កាលានុវត្តភាព បញ្ហាប្រឈម និង “ជំហានផ្លាស់ប្តូរធំៗ” របស់ពិភពលោកដែលកំពុងកើតឡើង។ ទន្ទឹមនឹងនោះ ផ្ញើសារអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម ចែករំលែកទស្សនៈវិស័យ គោលជំហរ ទិសដៅអភិវឌ្ឍន៍ និងបទពិសោធន៍គ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ចរបស់បក្ស និងរដ្ឋាភិបាលវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ រវាង WEF និងដៃគូ នានា ជាពិសេសក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្ត (AI) វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ទន្ទឹមនឹងការចូលរួមក្នុងសន្និសីទនោះ ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិនផងដែរ៕