ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានពាំនាំសារអំពីជំនឿជាក់ដ៏រឹងមាំចំពោះអនាគតដ៏ភ្លឺស្វាង
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៤ ក្រោមប្រធានបទ“ មនុស្ស- សហគ្រាស- វិបុលភាព” នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា (តាមម៉ោងក្នុងស្រុក)។ លោកប្រធានរដ្ឋ លឿង គឿង ក្នុងនាមជាភ្ញៀវកិត្តិយសបានថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំនេះ។
លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា វៀតណាមឈានចូលយុគសម័យថ្មី ដោយមានសតិអារម្មណ៍ថ្មី ជាមួយបំណងប្រាថ្នាយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល និងមានជំនឿជាក់ដ៏រឹងមាំចំពោះអនាគតដ៏ភ្លឺស្វាង។ វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងមជ្ឈភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក; វៀតណាមនឹងចូលរួមប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកយ៉ាងសកម្មទៅក្នុងខឿននយោបាយពិភពលោក សេដ្ឋកិច្ចសកល និងអរិយធម៌មនុស្សជាតិ ដោយឈរលើស្មារតីជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានសង្កត់ធ្ងន់ថា៖ “ជោគជ័យដ៏ធំធេងដែលសេដ្ឋកិច្ចវៀតណាមទទួលបាននោះ ផ្នែកសំខាន់មួយគឺដោយសារតែនៃជំនឿទុកចិត្តរបស់សហគ្រាសនិងវិនិយោគិនអន្តរជាតិ។ ខ្ញុំសង្ឃឹមថា មិត្តនឹងបន្តរួមដំណើរជាមួយវៀតណាមលើកំណាត់ផ្លូវខាងមុខ។ ខ្ញុំក៏បានអះអាងថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀតណាមនឹងបើកចេញឱកាសថ្មីជាច្រើនសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិលើគ្រប់វិស័យចាប់ពីពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និងបច្ចេកវិទ្យាខ្ពស់។ ទីផ្សារវៀតណាមបាននិងកំពុងនាំមកនូវផលប្រយោជន៍និងឧត្តមភាពជាច្រើនដែលកម្រមានប្រទេសណាមួយអាចនាំមកជូន សម្រាប់សហគ្រាសនិងវិនិយោគិនអន្តរជាតិ”។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ថ្លែងនៅកិច្ចប្រជុំកំពូលធុរកិច្ច APEC-CEO Summit។ រូបថត៖ Lam Khanh/TTXVN |
នៅចុងបញ្ចប់សុន្ទរកថា លោកប្រធានរដ្ឋបានអះអាងថា នៅចំពោះមុខការប្រែប្រួលដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាហានិភ័យនៃការគាំពារនិងបែកបាក់ APEC ត្រូវទទួលខុសត្រូវដើរតួនាទីជាស្ពានតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ដើម្បីរួមគ្នាកសាងប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិប្រកបដោយតម្លាភាព សមភាព ធានាផលប្រយោជន៍ប្រកបដោយតុល្យភាពសម្រាប់ភាគីទាំងអស់។
សុន្ទរកថារបស់ប្រធានរដ្ឋ លឿង គឿង នៅក្នុងកិច្ចប្រជុំទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ APEC និងសហគមន៍ធុរកិច្ច៕