លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី (១៩៧៤-២០២៤) ដែលប្រព្រឹត្តទៅនៅទីក្រុង Melbourne (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងអគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះអូស្ត្រាលី លោក Anthony Albanese បានសម្ដែងនូវការទន្ទឹងរង់ចាំដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងនោះមានការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
លោក Joko Widodo។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឯកភាពលើការសម្របសម្រួលជំរុញខ្លាំងនូវការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសលទ្ធផលសំខាន់ៗនៃជំនួបជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ។ ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah បានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល់។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ កិច្ចសហប្រតិបត្តិការកសិកម្ម ជាពិសេសវារីវប្បកម្ម និងបង្កងយក្ស ព្រមទាំងស្នើឲ្យវៀតណាមលើកទឹកចិត្តសម្ព័ន្ធក្រុមហ៊ុន Vinfast វិនិយោគលើវិស័យយានយន្តអគ្គិសនី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ
លោក Srettha Thavisin។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានយល់ស្របនឹងការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានស្នើឱ្យប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធក្នុងការផលិតពូជស្រូវ ក៏ដូចជាក្នុងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងបាតុភូត El Nino ផងដែរ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពជំរុញការអនុវត្តសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) កិច្ចសហប្រតិបត្តិការលើវិស័យបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល; ការកសាងនិងគ្រប់គ្រងទិន្នន័យចំនួនប្រជាជន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអបអរសាទរប្រទេសវៀតណាម ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យជាច្រើន; មានបំណងចង់សិក្សាពីវៀតណាមក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon ដែលជាភ្ញៀវកិត្តិយសរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីនូវែលសេឡង់បានសម្តែងនូវសេចក្តីរីករាយដោយត្រៀមរៀបចំទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ; វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន; អះអាងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងបណ្តាប្រទេសអាស៊ានក្នុងបញ្ហារួមក្នុងតំបន់។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao បានសម្ដែងនូវបំណងចង់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងពេលឆាប់ៗនេះ; វាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាមចំពោះទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ានជាផ្លូវការក្នុងពេលឆាប់ៗនេះ៕