លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក
(VOVWORLD) - កាលពីរសៀលថ្ងៃទី ២ ខែធ្នូ (ម៉ោងក្នុងតំបន់) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៨ បណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron; អនុប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mansour bin Zayed Al Nahyan; ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ហើយបានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍ខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីបារាំងលោក Macron នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបារាំងពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។
លោកប្រធានាធិបតី Macron បានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ; បានឲ្យដឹងថា លោកនឹងចាត់បញ្ជូនរដ្ឋមន្ត្រីមួយចំនួនទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយពិភាក្សា និងសម្របសម្រួលជាមួយដៃគូវៀតណាម ដើម្បីពិនិត្យ និងជំរុញសកម្មភាពសហប្រតិបត្តិការជាក់លាក់ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបានបញ្ជាក់ថា រដ្ឋាភិបាលបារាំងមានផែនការសម្រាប់ ការផ្តល់សច្ចាប័នលើ EVIPA។ លោកប្រធានាធិបតី Macron បានស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះការរួមចំណែក និងការខិតខំប្រឹងប្រែងដ៏លេចធ្លោរបស់វៀតណាមក្នុងការអនុវត្តសេចក្តីថ្លែងការណ៍នយោបាយស្តីពីភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយសមធម៌ (JETP) ហើយអះអាងថា រដ្ឋាភិបាលបារាំងនឹងរួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការនេះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអនុប្រធានាធិបតី UAE លោក Sheikh Mansour bin Zayed Al Nahyan។ (រូបថត៖ VOV) |
ទទួលជួបអនុប្រធានាធិបតី UAE លោក Sheikh Mansour bin Zayed Al Nahyan លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគី UAE បង្កើនការវិនិយោគ និងការជួយឧបត្ថម្ភវៀតណាមក្នុងការកសាង និងប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអនុវត្តគម្រោងថាមពលកកើតឡើងវិញ និងការអភិវឌ្ឍឧស្សាហកម្មហាឡាល ជាដើម។
លោកអនុប្រធានាធិបតី UAE បានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយបានកំណត់ថាវៀតណាមជាទីផ្សារវិនិយោគដ៏មានសក្តានុពលខ្លាំង ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក កំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលទិន្នន័យ។ ល។
ទទួលជួបប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមបានទទួលការពិគ្រោះយោបល់របស់ WEF រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗ; អត្រាប្តូរប្រាក់ និងអត្រាការប្រាក់រក្សាមានស្ថិរភាព; អតិរេកពាណិជ្ជកម្មពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៥ ពាន់លានដុល្លារអាមេរិក។
លោកប្រធានប្រតិបត្តិ WEF បាននិយាយថា WEF មានបណ្តាញសហគ្រាសដ៏ធំនៅជុំវិញពិភពលោក ហើយតាមរយៈការស្ទង់មតិ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបី រួមជាមួយម៉ិកស៊ិក និងឥណ្ឌា ដែលវិនិយោគិនចាប់អារម្មណ៍ជាងគេ។ លោកប្រធាន WEF បានពាំនាំនូវការសួរសុខទុក្ខរបស់ស្ថាបនិក និងប្រធាន WEF លោកសាស្រ្តាចារ្យ Klaus Schwab ដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមសន្និសីទ WEF ប្រចាំឆ្នាំ ២០២៤ នៅទីក្រុង Davos។ វេទិកាមានបំណងជាច្រើនចង់ស្វែងយល់អំពីវៀតណាម ហើយប្រសិនបើលោកនាយករដ្ឋមន្ត្រី ចូលរួម ភាគីទាំងពីរអាចរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់ជាតិ៕