លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ រំលឹកដល់ “មនោសញ្ចេតនាដ៏ជ្រាលជ្រៅ គុណស្រ័យដ៏ធំធេង” របស់លោកប្រធានហូជីមិញចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Ha Tinh
(VOVWORLD) - ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៥៧ គឺជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្ររបស់បក្សភាគនិងប្រជាជនខេត្ត Ha Tinh ជាកម្លាំងចលករដ៏ធំធេងដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បង ហើយបោះជំហានយ៉ាងរឹងមាំលើដំណើរការកសាងស្រុកកំណើតនិងមាតុប្រទេស នៅពេលទទួលស្វាគមន៍លោកប្រធានមកធ្វើទស្សនកិច្ច។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី ១១ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ ទិវាលោកប្រធានហូជីមិញមកបំពេញទស្សនកិច្ចនៅខេត្ត Ha Tinh (១៥ មិថុនា ១៩៥៧ - ១៥ មិថុនា ២០២២); និងខួបលើកទី ១៥ ទិវាបង្កើតទីក្រុង Ha Tinh (២៨ ឧសភា ២០០៧ - ២៨ ឧសភា ២០២២)។
នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាព និងប្រពៃណីដ៏ល្អប្រសើរនៃខេត្ត Ha Tinh ក៏ដូចជា "មនោសញ្ចេតនាដ៏ជ្រាលជ្រៅ គុណស្រ័យដ៏ធំធេង" របស់លោកប្រធានហូជីមិញចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Ha Tinh ផងដែរ។ លោកប្រធានហូជីមិញ ធ្លាប់បានផ្ញើសំបុត្រ និងសារទូរលេខជាច្រើនដើម្បីកោតសរសើរខេត្ត Ha Tinh។ ជាពិសេស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៥៧ គឺជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្ររបស់បក្សភាគនិងប្រជាជនខេត្ត Ha Tinh ហើយជាកម្លាំងចលករដ៏ធំធេងដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បង បោះជំហានយ៉ាងរឹងមាំលើដំណើរកសាងស្រុកកំណើតនិងមាតុប្រទេស នៅពេលទទួលស្វាគមន៍លោកប្រធានមកធ្វើទស្សនកិច្ច។ លោកប្រធានហូជីមិញបានបន្សល់ទុកមកមេរៀនដ៏ស៊ីជម្រៅជូនចំពោះខេត្ត Ha Tinh អំពីស្មារតីសាមគ្គីភាព ការហត់ពត់លត់ដំដោយខ្លួនឯង ឆន្ទៈឈានឡើង ដើម្បីថែរក្សាប្រពៃណីវប្បធម៌ ខិតខំព្យាយាមបង្កបង្កើនផល អនុវត្តន៍ឲ្យបានល្អនូវភារកិច្ចជួយឧបត្ថម្ភដល់ជនរួមជាតិនៅភាគខាងត្បូង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលដ៏ធំធេងដែលបក្សភាគ កងទ័ព និងប្រជាជនខេត្ត Ha Tinh សម្រេចបាន។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឲ្យខេត្ត Ha Tinh កំណត់ឲ្យបានច្បាស់នូវសក្ដានុពល ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យខេត្តបន្តជំរុញកំណែទម្រង់រដ្ឋបាល; កែលម្អបរិយាកាសវិនិយោគអាជីវកម្ម; ការផ្លាស់ប្តូរឌីជីថល ការកសាងអាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ។ ទន្ទឹមនឹងនោះ ជំរុញនវានុវត្តភាព សហគ្រិនភាព ការផ្លាស់ប្តូរបៃតង; ផ្តោតលើការទាក់ទាញគម្រោង វិនិយោគដែលខេត្តមានតម្រូវការ និងប្រៀបខ្លាំង; អនុវត្តន៍គម្រោងសាកល្បងការកសាងខេត្តឲ្យសម្រេចបានស្តង់ដារជនបទថ្មី ដោយភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ; ទាញយកសក្តានុពល និងប្រៀបខ្លាំង ដើម្បីអភិវឌ្ឍសេវាកម្មទេសចរណ៍ ជាពិសេសទេសចរណ៍សមុទ្រ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍ដែលភ្ជាប់ជាមួយវប្បធម៌ផងដែរ៕