លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការផ្លាស់ប្តូរឌីជីថល
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុន លើវិស័យផ្លាស់ប្តូរឌីជីថល និងជូនដំណឹងអំពីដំណើរការផ្លាស់ប្តូរឌីជីថលនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀត ណាមធ្វើការផ្លាស់ប្តូរឌីជីថលតាមវិធីសាស្រ្តអភិក្រមទូទៅ មានទំនាក់ទំនងគ្នាទៅវិញទៅមកនិងជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន។ បច្ចុប្បន្ន វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរឌីជីថល ហើយសមត្ថភាពរបស់វៀតណាមក្នុងការសម្របខ្លួននិងទទួលយកនិន្នាការអភិវឌ្ឍន៍សំខាន់ៗក្នុងពិភពលោក រួមទាំងបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរឌីជីថល គឺជាក់ស្តែងណាស់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថែមទៀតថា៖ វៀតណាមមានកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ ដល់ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដោយមានសសរស្តម្ភចំនួន ៣ គឺរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ នៅក្នុងដំណើរការនោះ វៀតណាមបានកំណត់យកប្រជាជនថាជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ហើយវៀតណាមកំពុងមានកម្លាំងពលកម្មវ័យក្មេងដ៏សម្បូរ រហ័សរហួននិងពោរពេញទៅសក្តានុពលសម្រាប់ការផ្លាស់ប្តូរឌីជីថល។
នាយករដ្ឋមន្ត្រីបានចែករំលែកនូវគោលនយោបាយរបស់វៀតណាមគឺធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវវិស័យហិរញ្ញវត្ថុ និងធនាគារ ដើម្បីឲ្យវិស័យទាំងនេះអាចឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ដូចប្រទេសដទៃទៀតដែរ វៀតណាមមានវិធីសាស្រ្តផ្ទាល់ខ្លួន សមស្របនឹងលក្ខខណ្ឌនិងកាលៈទេសៈរបស់ខ្លួន ប៉ុន្តែមិនបំបែកចេញពីវិធីសាស្រ្តទូទៅរបស់ពិភពលោកនោះទេ៕