លោកប្រធានរដ្ឋ តូ ឡឹម អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ
(VOVWORLD) - នៅវេលាម៉ោង ៧៖០០ ព្រឹកថ្ងៃទី ១១ ខែកក្កដា យន្តហោះដឹកលោកប្រធានរដ្ឋ តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ (Wattay) រដ្ឋធានីវៀងច័ន្ទ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត។
លោកប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ រដ្ឋធានីវៀងច័ន្ទ (រូបថត៖ VOV) |
ទទួលស្វាគមន៍លោកប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមនៅព្រលានយន្តហោះ វ៉ាត់តៃ មានវត្តមានប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ ខេមនី ផុនសេណា; អភិបាលក្រុងវៀងច័ន្ទ លោក អាសាផែងថង ស៊ីផាន់ដូន; អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បុន លាវ ផាន់ណានុវង្ស; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកជំទាវ ខាំផៅ អឺនថាវ៉ាន់; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន បា ហុង; រួមជាមួយបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឡាវ តំណាងជនវៀតណាមនៅឯបរទេស និងនិស្សិតវៀតណាមនៅឡាវ ...។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក តូ ឡឹម ទៅកាន់ប្រទេសឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងទៅកាន់បរទេស ក្នុងតួនាទីថ្មីរបស់លោក គឺជាសក្ខីភាពនៃគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាពល្អប្រសើរ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ; អះអាងពីការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី ការពារ និងការកសាងប្រទេសឡាវ និងបន្តកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
ទទួលស្វាគមន៍លោកប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ វ៉ាត់តៃ មានវត្តមានប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ លោកស្រី ខេមនី ផុនសេណា (រូបថត៖ VOV) |
តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ; ជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ; ទទួលជួបប្រធានមជ្ឈិមរណសិរ្សកសាងជាតិឡាវ ទទួលប្រធានមជ្ឈិមសមាគមមិត្តភាពឡាវ-វៀតណាម; ទស្សនាស្ថានទូត វៀត ណាមប្រចាំនៅឡាវ និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ វៀតណាមនៅឡាវផងដែរ៕