លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក  (APEC) លើកទី ៣០។ 

ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រធានគណៈប្រតិភូមកពីសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១; ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំនេះ។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong បានចូលរួមកិច្ចប្រជុំចង្អៀតនៃមេដឹកនាំសេដ្ឋកិច្ច APEC។ រូបថត៖ TTXVN

ដោយប្រធានបទ “ការតភ្ជាប់ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងភាពធន់” កិច្ចប្រជុំបានអះអាងថា APEC ចាំបាច់ត្រូវបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងពិភពលោកដែលកំពុងប្រឈមនឹងហានិភ័យជាច្រើន។ ជាមួយគ្នានេះ អ្នកដឹកនាំមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដោយសេរី បើកចំហ តម្លាភាពប្រកបដោយបរិយាប័ន្ន; គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ជាមួយនឹងតួនាទីមជ្ឈភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ APEC ចាំបាច់ត្រូវរក្សា និងបង្រួបបង្រួមសមិទ្ធិផលសំខាន់ៗក្នុងវិស័យសេរីភាវូបនីយកម្ម សម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅអាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក។ ទន្ទឹមនឹងនោះ សហការកសាងតំបន់មានភាពធន់ សេដ្ឋកិច្ចនីមួយៗអាចពឹងពាក់ខ្លួនឯងបាន ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម។ យ៉ាងណាមិញ សមាជិក APEC ត្រូវតែបើកចំហ ស្មោះត្រង់ និងមានការសន្ទនាក្នុងន័យស្ថាបនា ដើម្បីបង្កើនការយល់ដឹង បង្រួញគម្លាតនិងបង្កើតការស្រុះចិត្តគំនិតគ្នា។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០ - ảnh 2ប្រធានរដ្ឋ លោក Vo Van Thuong ថតរូបជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC។ រូបថត៖ TTXVN

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការចូលរួម APEC វៀតណាមបានស្នើធ្វើជាម្ចាស់ផ្ទះនៃសកម្មភាពនៃឆ្នាំ APEC ២០២៧។ ថ្នាក់ដឹកនាំ APEC បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងខ្លាំងចំពោះសំណើរបស់វៀតណាម ហើយបានយល់ព្រមដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ។

បិទសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី ៣០ មេដឹកនាំបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីប្រកាស ខ្លោងទ្វារមាស “បង្កើតអនាគតប្រកបដោយនិរន្តរភាព និងពឹងផ្អែកលើខ្លួនឯងសម្រាប់ប្រជាជនទាំងអស់គ្នា”។ សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅប្រទេសប៉េរូ និងនៅឆ្នាំ ២០២៥ នៅប្រទេសកូរ៉េខាងត្បូង។

កាលពីយប់មិញ លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង San Francisco ហើយធ្វើដំណើរមកកាន់មាតុភូមិវិញ ដោយបញ្ចប់ដោយជោគជ័យ ដំណើរទៅចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ