លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ អ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងជាអ្នកការទូតដ៏ប៉ិនប្រសប់មួយរូប
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង គឺជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ជាអ្នកការទូតដ៏ប៉ិនប្រសប់ ហើយតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក។
នេះជាការចែករំលែករបស់អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ជាមួយអ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី ២២ កក្កដា។ អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប្រទេសជាច្រើន ជាពិសេសការជំរុញទំនាក់ទំនងឡាវ-វៀតណាម-កម្ពុជា តាមរយៈយន្តការជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងបី។ ប្រការទាំងអស់នេះជួយលើកកំពស់តួនាទី និងកិត្យានុភាពរបស់បក្ស និងរដ្ឋវៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ។
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith។ រូបថត៖ Tri Dung/TTXVN |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប Salah Adly បានអះអាងថា មរណភាពរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់ប្រជាជន និងប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ខជន កម្លាំងជឿនលឿន និងអ្នកស្រឡាញ់សន្តិភាពជុំវិញពិភពលោកទៀតផង៖
“ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្សង្វៀន ភូ ជុង វៀតណាមបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងលេចធ្លោ។ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការអនុវត្តគោលនយោបាយការទូតដើមឬស្សី ដែលអាចបត់បែនបាន ជួយវៀតណាមបង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោក រួមទាំងប្រទេសមហាអំណាចផងដែរ។ តាមនោះ វៀតណាមមិនជ្រើសរើសភាគី ឬឈរម្ខាងជាមួយប្រទេសដទៃប្រឆាំងនឹងប្រទេសផ្សេងឡើយ។ វៀតណាមគាំទ្រពហុភាគីនិយម គាំទ្រអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិពិតប្រាកដ។ យើងជឿជាក់ថា វៀតណាមនឹងបន្តអនុវត្តទស្សនវិស័យអភិវឌ្ឍន៍របស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដើម្បីទទួលបានសមិទ្ធិផលធំៗបន្ថែមទៀត។
មកពីប្រទេសអ៊ីតាលី លោកបណ្ឌិត Sandra Scagliotti អ្នកស្រាវជ្រាវវៀតណាម អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Piedmont និង Liguria បានមានប្រសាសន៍ថា អគ្គលេខាបក្ស លោកង្វៀន ភូ ជុង គឺជាអ្នកដឹកនាំដែលមានការរួមចំណែកឆ្នើមជាពិសេសក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស។ ក្នុងពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាកិត្តិយស និងជាប្រធានកិត្តិយសនៃសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) លោកស្រី Hélène Luc បានអះអាងថា លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នឹងរស់នៅជារៀងរហូតក្នុងប្រវត្តិសាស្ត្រវៀតណាម ជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ៕