វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាមក្នុងខែកក្កដា

(VOVWORLD) - តាមផែនការ ក្នុងខែកក្កដានេះ វ៉ាក់សាំងប្រមាណ ៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាម ហើយដល់ដំណាច់ត្រីមាសទី៣ នឹងមានបន្ថែម៣០លានដូសទៀត។

វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាមក្នុងខែកក្កដា - ảnh 1កញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ មកដល់ព្រលានយន្តហោះ Tan Son Nhat។ (រូបថត៖ nld.com.vn)

យោងតាមព័ត៌មានពីក្រសួងសុខាភិបាល គិតត្រឹមពេលនេះ ប្រទេសទាំងមូលបានចែកចាយរួចរាល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង៨លាន៨សែនដូស ហើយគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ចាក់វ៉ាក់សាំងបានជិត៤លាន៣សែនដូស។ តាមផែនការ ក្នុងខែកក្កដានេះ វ៉ាក់សាំងប្រមាណ ៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាម ហើយដល់ដំណាច់ត្រីមាសទី៣ នឹងមានបន្ថែម៣០លានដូសទៀត។

មុននោះ បណ្ដាអង្គការអន្តរជាតិ ក្រុមហ៊ុនផលិត ចែកចាយវ៉ាក់សាំងលើពិភពលោកបានសន្យាផ្ដល់ជំនួយ ចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ១០៥លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១។ ក្រៅពីនោះ វៀតណាមបានចរចាទិញវ៉ាក់សាំង Sputnik V ចំនួន៤០លានដូសពីរុស្ស៊ី ហើយក្រុមហ៊ុន Pfizer បានយល់ព្រមផ្គត់ផ្គង់បំពេញបន្ថែមវ៉ាក់សាំងចំនួន២០លានដូសក្នុងត្រីមាសទី៤ផងដែរ។

ក្រសួងសុខាភិបាលបានឲ្យដឹងថែមទៀតថា គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ស្ដីពីការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩ ជាមួយដៃគូនានារបស់រុស្ស៊ីនិងអាមេរិក។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលក៏បានជួយគាំទ្រដល់អង្គភាពផលិតវ៉ាក់សាំងក្នុងប្រទេស ដើម្បីជំរុញល្បឿនការសាកល្បងគ្លីនិកហើយធានាការគោរពយ៉ាងត្រឹមត្រូវតាមនីតិវិធីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ