វៀតណាមគឺជាស្ពានដ៏សំខាន់មួយរវាងអាស៊ាននិងប្រទេសដៃគូ
VOV - ឥណ្ឌូនេស៊ី -  
(VOVWORLD) - បន្ទាប់ពីរយៈពេល ៥៧ ឆ្នាំនៃការបង្កើត (៨ សីហា ១៩៦៧- ៨ សីហា ២០២៤) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានចាត់ទុកថាជាអង្គការក្នុងតំបន់ ដ៏ជោគ ជ័យបំផុតមួយនៅក្នុងពិភពលោក។
លោក Lee Jang-keun ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន (រូបថត៖ VOV - ឥណ្ឌូនេស៊ី) |
ក្នុងជោគជ័យនោះ មានការចូលរួមចំណែកសំខាន់ៗរបស់វៀតណាម ជាពិសេសក្នុងការកំណត់រាល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់ប្លុក និងជំរុញទំនាក់ទំនងរវាងអាស៊ាននិងដៃគូសំខាន់ៗ។
ចាប់តាំងពីចូលជាសមាជិកអាស៊ានឆ្នាំ ១៩៩៥មក វៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះសញ្ញាសម្គាល់ជាព្រឹត្តិការណ៍សំខាន់ៗ ចំនួនបី រួមមានៈ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ានសម្រាប់អាណត្តិឆ្នាំ ២០០០ - ២០០១; ប្រធានអាស៊ានក្នុងឆ្នាំ ២០១០ និង ២០២០។ លើសពីនេះ វៀតណាមបានចូលរួមក្នុងការរៀបចំអាទិភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន ដូចជា៖ កសាងនិងអនុម័តលើកម្មវិធីសកម្មភាពទីក្រុងហាណូយឆ្នាំ ១៩៩៨; រួមចំណែកក្នុងការកសាងនិងអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ធម្មនុញ្ញអាស៊ាន និងទទួលជោគជ័យលើតួនាទីសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងដៃគូសំខាន់ៗ (ចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រុស្ស៊ី)។ ការរួមចំណែកទាំងនេះរបស់វៀតណាម ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេស និងដៃគូអាស៊ាន។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lee Jang-keun បានវាយតម្លៃថា៖ “ក្នុងនាមជាសេដ្ឋកិច្ចឈានមុខគេក្នុងអាស៊ាន វៀតណាមកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មក្នុងតំបន់។ វៀតណាមក៏បានបង្ហាញពីតួនាទីដឹកនាំដ៏សំខាន់ ដែលត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ លើសពីនេះ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ គឺជាឧទាហរណ៍គំរូមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់វៀតណាមក្នុងការបំពេញចក្ខុវិស័យសហគមន៍អាស៊ាន បង្ហាញពីតួនាទីរបស់វៀតណាមក្នុងការឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រក្រោយឆ្នាំ ២០២៥”។
ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន លោកស្រី Tiffany McDonald បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអូស្ត្រាលីនិងវៀតណាម បំពេញបន្ថែមកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី និងផ្ទុយមកវិញ។ រួមជាមួយអាស៊ាន ភាគីទាំងពីរកំពុងធ្វើការឆ្ពោះទៅរកលទ្ធផលដែលលើកកំពស់ស្ថិរភាព សន្តិសុខ និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
VOV - ឥណ្ឌូនេស៊ី