វៀតណាមគាំទ្រតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខតាមអ៊ីនធឺណិតជាសកល
(VOVWORLD) - នៅថ្ងៃទី ២០ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាលើប្រធានបទ "រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ ដោះស្រាយការគំរាមកំហែងកាន់តែកើនឡើងលើបណ្តាញអ៊ីនធឺណិត"។
ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមពីបណ្តាញអ៊ីនធឺណិត ចាំបាច់ត្រូវមានវិធីសាស្រ្តពហុវិមាត្រ អនុវត្តប្រកបដោយសមកាលកម្មដំណោះស្រាយជាច្រើន ក្នុងនោះ អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងសុក្រឹតក្របខ័ណ្ឌអន្តរជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គំនិតផ្តួចផ្តើមនានាដូចជា កិច្ចព្រមព្រៀងឌីជីថលសកល អនុសញ្ញាស្តីពីការទប់ស្កាត់បទល្មើសតាមអ៊ីនធឺណិត ហើយទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សមត្ថភាពការពារតាមអ៊ីនធឺណិត បន្ថយគម្លាតបច្ចេកវិទ្យាព័ត៌មានរវាងបណ្តាប្រទេស។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV-Washington |
តំណាងវៀតណាមបានចាត់ទុកថា ជាមួយនឹងមុខងាររក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវយកចិត្តទុកដាក់ និងផ្តល់ធនធានបន្ថែមទៀតដើម្បីពិភាក្សា និងដោះស្រាយរាល់បញ្ហាប្រឈមពីអ៊ីនធឺណិត និងទិដ្ឋភាពទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិតក្នុងការទប់ស្កាត់ជម្លោះ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕