វៀតណាមគាំទ្រ IFC កៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន
(VOVWORLD) - រដ្ឋាភិបាលវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ IFC ក្នុងការកៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន និងជួយឧបត្ថម្ភបច្ចេកទេសដល់មូលដ្ឋាន ជួយទាញយកប្រភពទុន និង បទពិសោធន៍អន្តរជាតិដ៏ថ្លៃថ្លាពី IFC ។
ជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ជាមួយលោក Alfonso Garcia Mora អនុប្រធានអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបថត៖ VNA) |
នារសៀលថ្ងៃទី ១៥ មេសា នៅទីក្រុងហូជីមិញ អញ្ជើញថ្លែងមតិនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Alfonso Garcia Mora អនុប្រធានអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ IFC ក្នុងការកៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន និងជួយឧបត្ថម្ភបច្ចេកទេសដល់មូលដ្ឋាន ជួយទាញយកប្រភពទុន និង បទពិសោធន៍អន្តរជាតិដ៏ថ្លៃថ្លាពី IFC ។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានលើកសំណើរថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Alfonso Garcia Mora នឹងជួបធ្វើការជាមួយមូលដ្ឋាននានាដូចជា៖ ទីក្រុងហូជីមិញ Hai Phong និង Thanh Hoa ដើម្បីជួយឧបត្ថម្ភគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន សំដៅជួយឧបត្ថម្ភមូលដ្ឋាននានាទទួលបានប្រភពហិរញ្ញវត្ថុរយៈពេលវែងអំពីការអភិវឌ្ឍ។ បណ្ដាស្ថាប័នរបស់វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមូយការិយាល័យ IFC ប្រចាំនៅវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងភាគីទាំងពីរនារយៈពេលខាងមុខ។
ជាការឆ្លើយតប លោក Alfonso Garcia Mora បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជួរមុខ ដែលទទួលបានការវិនិយោគ ការជួយឧបត្ថម្ភទុនរបស់ IFC។ នាបច្ចុប្បន្ន IFC កំពុងពង្រឹងជួរបុគ្គលិកដើម្បីជួយឧបត្ថម្ភវៀតណាម។ នារយៈពេលខាងមុខ IFC នឹងបន្តរួមដំណើរជាមួយវៀតណាម ជាពិសេសក្នុងបញ្ហាទាក់ទងនឹងកំណើនបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនផលិតភាពការងារក្នុងប្លុកឯកជនផងដែរ៕