វៀតណាមចាត់បញ្ជូននាយទាហានរក្សសន្តិភាពចូលរួមស្ថានបេសកកម្មរបស់សហភាពអឺរ៉ុបជាលើកដំបូង
(VOVWORLD) - លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានបន្តជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។
វៀតណាមចាត់បញ្ជូននាយទាហានរក្សសន្តិភាពចូលរួមស្ថានបេសកកម្មរបស់សហភាពអឺរ៉ុបជាលើកដំបូង (រូបថត៖ qdnd.vn) |
នារសៀលថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចិត្តរបស់លោកប្រធានរដ្ឋដល់នាយទាហានចំនួន៧ នាក់ ដែលបំពេញបេសកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេស ក្នុងនោះមាននាយទាហានចំនួន ២ នាក់បានបំពេញបេសកកម្មនៅស្ថានបេសកកម្មហ្វឺកហ្វឹនរបស់សហភាពអឺរ៉ុប។ ព្រមទាំងធ្វើការបូកសរុបអាណត្តិរបស់នាយទាហានចំនួន ២ នាក់ ដែលអនុវត្តន៍បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានអបអរសាទរចំពោះនាយទាហានដែលបានបំពេញភារកិច្ច និងនាយទាហាន ដែលទើបទទួលបេសកកម្ម។
លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានបន្តជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ ទន្ទឹមនឹងនេះ រក្សាសាមគ្គីភាពផ្ទៃក្នុង កសាងចំណងសាមគ្គីភាពជាមួយ សហសេវិកអន្តរជាតិ និងទំនាក់ទំនងជាមួយប្រជាជននៅមូលដ្ឋាន តាមនោះ រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាមឲ្យកាន់តែមានជំនាញវិជ្ជាជីវៈ និងប្រកបដោយមានប្រសិទ្ធភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕