វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរ ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវយ៉ាងសកម្មនូវវិធានការដើម្បីរក្សាការផ្លាស់ប្ដូរពាណិជ្ជកម្មឱ្យបានរលូន បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក នាវាចរណ៍ និងអាកាសចរណ៍។ លោកនាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យចិនបន្តបង្កើតលក្ខខណ្ឌសម្រួលពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញ ពន្លឿនដំណើរការបើកទីផ្សារសម្រាប់កសិផលវៀតណាម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបើកការិយាល័យជំរុញពាណិជ្ជកម្មប្រចាំនៅចិនបន្ថែមទៀត។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេច បើកទីផ្សារសម្រាប់ទំនិញវៀតណាម ជាពិសេសកសិផល; សម្របសម្រួលគ្នាជំរុញការដោះស្រាយគម្រោងសហប្រតិបត្តិការសំខាន់ៗដែលជាប់គាំងក្នុងរយៈពេលវែង។ លោកនាយករដ្ឋមន្រ្តីចិនបានស្នើឲ្យភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ ជួយគ្នាទៅវិញទៅមកក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសលើវិស័យផលិតកម្ម និងកសិកម្ម សហការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម ព្រមទាំងបញ្ជាក់ថានឹងជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាស្តារកិច្ចសហប្រតិបត្តិការទេសចរណ៍ឡើងវិញផងដែរ។

ទាក់ទិននឹងបញ្ហានៅសមុទ្រ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែប្រើឱ្យបានល្អនូវយន្តការចរចាស្តីពីការកំណត់ព្រំដែន និងកិច្ចសហប្រតិបត្តិការលើសមុទ្រ ព្រមទាំងដោះស្រាយវិវាទនិងការខ្វែងគំនិតគ្នាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ