វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីការបង្ការ ទប់ស្កាត់គ្រឿងញៀន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ មីនា នៅទីក្រុង Da Nang។
បាវដែលមានផ្ទុកសារធាតុ ketamine ដឹកជញ្ជូនពីបរទេសមកកាន់ប្រទេសវៀតណាម ត្រូវបាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងកងកម្លាំងមានសមត្ថកិច្ចវៀតណាមរកឃើញ និងរឹបអូសនៅក្នុងគម្រោង 103H ក្នុងខែកញ្ញា ឆ្នាំ ២០២៣ (រូបថត CO4) |
ប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៨ មីនា សន្និសីទនេះត្រូវបាននាយកដ្ឋាននគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន(CO4) ក្រសួងនគរបាល វៀតណាម និងទីភ្នាក់ងារប្រយុទ្ធប្រឆាំងញៀនសហរដ្ឋអាមេរិក (DEA) សហការរៀបចំនិងជាសហអធិបតី ដោយមានការចូលរួមពីគណៈប្រតិភូជាង ១០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ១៨ រួមទាំងអង្គការអន្តរជាតិ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB)។
ថ្លែងមតិក្នុងសន្និសីទ លោកឧត្តមសេនីយ៍ឯក Nguyen Van Vien ប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន (CO4) ក្រសួងនគរបាលបានឲ្យដឹងថា៖ "ជាមួយនឹងទស្សនៈនៃការបង្ការនិងទប់ស្កាត់គ្រឿងញៀនពីចម្ងាយ ពីដើមទី កុំអោយប្រទេសវៀតណាមក្លាយជាតំបន់ដឹកជញ្ជូនគ្រឿងញៀនអន្តរជាតិ នាយកដ្ឋាននគរបាលស៊ើបអង្កេត បទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមានព្រំដែនរួម ដោយសហការជាមួយបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងយន្តការអនុតំបន់ទន្លេមេគង្គ ពង្រីកបណ្តាញផ្លាស់ប្តូរព័ត៌មានជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយតភ្ជាប់ជាមួយដៃគូសំខាន់ៗដែលមានបទពិសោធន៍ និងសក្តានុពលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”។
នៅក្នុងសន្និសីទ គណៈប្រតិភូក៏បានពិភាក្សាអំពីលទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងគម្រោងរួមគ្នា ការអនុវត្តសកម្មភាពស៊ើបអង្កេតរួមគ្នា និងការលើកកម្ពស់ប្រសិទ្ធភាពប្រយុទ្ធ និងកិច្ចសហប្រតិបត្តិការឆ្លងដែនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន៕