វៀតណាមជំរុញឲ្យលើកកម្ពស់ការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(VOVWORLD) - ទាក់ទិននឹងស្ថានភាពក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ហើយបានអំពាវនាវឱ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី គោរពដំណើរការអន្តរជាតិតាមផ្លូវច្បាប់ និងការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

វៀតណាមជំរុញឲ្យលើកកម្ពស់ការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (រូបថត៖ អ្នកយកព័ត៌មាន  VOV នៅសហរដ្ឋអាមេរិក)

នាថ្ងៃទី ២៤ ខែកញ្ញា ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាទូទៅថ្នាក់ខ្ពស់លើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានឲ្យដឹងថា ពិភពលោកកំពុងស្ថិតក្នុង “ចំណុចរបត់ជាប្រវត្តិសាស្ត្រ” ខណៈពេលដែលស្ថានភាពប្រឈមមុខដាក់គ្នា ជម្លោះ និងការរំលោភលើច្បាប់អន្តរជាតិបន្តកើនឡើង។ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីផ្សេងទៀតជាច្រើន កំពុងគំរាមកំហែងដល់អត្ថិភាពរបស់មនុស្សជាតិ ដោយរុញថយក្រោយរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

នៅក្នុងបរិបទនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការគិតនិងកំណត់ឡើងវិញនូវវិធីសាស្រ្តអភិក្រមចំពោះបញ្ហាសកល ក្នុងនោះដាក់មនុស្សជាមជ្ឈភាពនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវលុបបំបាត់ទំនោរនៃការប្រឈមមុខដាក់គ្នានិងការគិត "ឈ្នះ-ចាញ់" ហើយជំនួសមកវិញចាំបាច់ត្រូវជំរុញពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងលក្ខណៈបើកចំហ បរិយាប័ន្ន សមធម៌ និងមានផលប្រយោជន៍ទៅវិញទៅមក។ ចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកសាងប្រព័ន្ធពហុភាគីដ៏រឹងមាំ និងមានប្រសិទ្ធភាព ជាមួយនឹងតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ភាពជាដៃគូជាសកល រួមទាំងតួនាទីសំខាន់របស់អង្គការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

ទាក់ទិននឹងស្ថានភាពក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ហើយបានអំពាវនាវឱ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី គោរពដំណើរការអន្តរជាតិតាមផ្លូវច្បាប់ និងការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ដោយរំលឹកឡើងវិញនូវប្រសាសន៍របស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៣២ លោក Lazar Mojsov ថា “ការចូលជាសមាជិករបស់វៀតណាមក្នុងអង្គការសហប្រជាជាតិ គឺជាជំហានសំខាន់ក្នុងការពង្រឹងសន្តិភាព និងសន្តិសុខនៅលើពិភពលោក” លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ប្រសាសន៍នោះនៅតែមានតម្លៃ ដែលបង្ហាញច្បាស់តាមរយៈ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ បង្កើនការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លើកកម្ពស់វិធីសាស្រ្តអភិក្រមប្រកបដោយតុល្យភាព និងស្ថាបនា និងរួមគ្នាស្វែងរកដំណោះស្រាយយូរអង្វែងចំពោះបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសសមាជិកទាំងអស់។ វៀតណាមជានិច្ចកាលជំរុញការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយមានបំណងចង់ទទួលបានការគាំទ្រពីប្រទេសផ្សេងៗ ចំពោះបេក្ខភាពវៀតណាមសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ