វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ
(VOVWORLD) - ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា៖ សន្តិភាព និងស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលតាមនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវសាមគ្គីភាព និងរួមដៃគ្នាដោះស្រាយបញ្ហាបច្ចុប្បន្ន ដើម្បីជំរុញការអនុវត្តកម្មវិធីរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនិងលោក Liu Zhenmin អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងសង្គម (រូបថត៖ VOV) |
វៀតណាមត្រៀមខ្លួនរួចជាស្រេច រួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN)។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយលោក Liu Zhenmin អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច និងសង្គម នាថ្ងៃទី ១២ ខែមេសានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា៖ សន្តិភាព និងស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលតាមនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវសាមគ្គីភាព និងរួមដៃគ្នាដោះស្រាយបញ្ហាបច្ចុប្បន្ន ដើម្បីជំរុញការអនុវត្តកម្មវិធីរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ តាមនោះ វៀតណាមមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការរង ក៏ដូចជា DESA ជាពិសេសលើបញ្ហាដែលជាកង្វល់របស់វៀតណាមដូចជាសកម្មភាពអាកាសធាតុ លុបបំបាត់ភាពក្រីក្រ លើកកម្ពស់ការអប់រំ និងធានាសន្តិសុខស្បៀងអាហារ។
រីឯខ្លួនវិញ អគ្គលេខាធិការរង នៃអ.ស.ប លោក Liu Zhenmin បានអបអរសាទរចំពោះវៀតណាមដែលបានបញ្ចប់តួនាទីរបស់ខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងលើកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងអង្គការសហប្រជាជាតិនាពេលកន្លងមក។ លោកសង្ឃឹមថា នាពេលខាងមុខ វៀតណាមនឹងបន្តគាំទ្រអង្គការសហប្រជាជាតិ និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (DESA) លើបញ្ហាពាក់ព័ន្ធនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕