វៀតណាមត្រៀមខ្លួនយ៉ាងល្អដើម្បីទទួលស្វាគមន៍ក្រុមអធិការកិច្ច EU ក្នុងវិស័យវារីវប្បកម្ម

(VOVWORLD) - ក្រុមអធិការកិច្ចរបស់សហភាពអឺរ៉ុប (EU) នឹងមកកាន់ប្រទេសវៀតណាមចាប់ ពីថ្ងៃទី ២៤ ខែកញ្ញាដល់ថ្ងៃទី ១៧ ខែតុលា ដើម្បីត្រួតពិនិត្យវិស័យវារីវប្បកម្ម។

គេរំពឹងថា ក្រុមអធិការកិច្ច EU លើវិស័យវារីវប្បកម្មនឹងត្រួតពិនិត្យដើម្បីវាយតម្លៃ ប្រតិបត្តិការនៃកម្មវិធីត្រួតពិនិត្យបរិមាណសំណល់របស់វៀតណាមចំពោះផលិតផលដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់សហភាពអឺរ៉ុប ជាក់ស្ដែងគឺជលផលចិញ្ចឹម និងទឹកឃ្មុំ។ ទន្ទឹមនឹងនោះ ផ្ទៀងផ្ទាត់ទំនុកចិត្តអំពីការធានាឲ្យជលផលចិញ្ចឹមមិន ផ្ទុកសំណល់ ស្របតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ លោកស្រី Nguyen Thi Bang Tam នាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖
“ទោះបីធ្វើអធិការឬអត់ យើងនៅតែធ្វើការងាររបស់យើងឲ្យបានល្អ។ ពីខ្សែ សង្វាក់ផលិតកម្មពីកសិដ្ឋានទៅតុអាហារ ការធ្វើវារីវប្បកម្ម ការប្រមូលផល ការដឹក ជញ្ជូន ការកែច្នៃ និងការប្រើប្រាស់។ ក្នុងដំណាក់កាលចិញ្ចឹម  មានការគ្រប់គ្រងកូនពូជ ប្រភពទឹក ការបំពុល និងថ្នាំអង់ទីប៊ីយោទិច នឹងមានភ្នាក់ងារចំនួនពីរចូលរួមក្នុងការ គ្រប់គ្រង។ ទីមួយគឺនាយកដ្ឋានជលផល ដែលគ្រប់គ្រងទឹក ចំណីអាហារ សារធាតុគីមី និងផលិតផលព្យាបាលបរិស្ថាន។ ចំណែកឯថ្នាំពេទ្យសត្វ ថ្នាំអង់ទីប៊ីយោទិច និង ជំងឺរាតត្បាតនឹងត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានពេទ្យសត្វ។ លើសពីនេះ នាយក ដ្ឋានជលផលនឹងគ្រប់គ្រងចាប់ពីដំណាក់កាលរៀបចំស្រះចិញ្ចឹម បញ្ចេញកូនពូជ រហូតដល់ការប្រមូលផល ហើយការដឹកជញ្ជូនរហូតដល់ការប្រើប្រាស់ដោយនាយក ដ្ឋានគ្រប់គ្រងគុណភាព”។
គួរជម្រាបបន្ថែមទៀតថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញ ជលផលរបស់វៀតណាមសម្រេចបានជិត ៦,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញបង្គារសម្រេចបានជាង២,៤ពាន់លានដុល្លារ ហើយត្រីត្រាសម្រេចបាន១,២ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ