វៀតណាមទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០ជាផ្លូវការ
(VOVWORLD) - វៀតណាមមានបំណងចង់ផ្តោតលើការផ្សារភ្ជាប់យ៉ាងស្អិតរមួតរបស់អាស៊ានតាមរយៈការពង្រឹងសាមគ្គីភាព ឯកភាព បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងការតភ្ជាប់ ធ្វើឲ្យស៊ីជម្រៅថែមទៀត។
នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា ពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានឆ្នាំ ២០២០ ទៅឲ្យវៀតណាម បានប្រព្រឹត្តិទៅនៅទីក្រុងបាងកក នៃប្រទេសថៃ។ អញ្ជើញថ្លែង ក្រោយពិធី ផ្ទេរតំណែងប្រធានអាស៊ានឆ្នាំ ២០២០ ទៅឲ្យវៀតណាមនោះ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមមានបំណងចង់ផ្តោតលើការផ្សារភ្ជាប់យ៉ាងស្អិតរមួតរបស់អាស៊ានតាមរយៈការពង្រឹងសាមគ្គីភាព ឯកភាព បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងការតភ្ជាប់ ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវតម្លៃនិងលក្ខណៈពិសេសរបស់សហគមន៍អាស៊ាន ក្នុងនោះមានទាំងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការក្នុងអាស៊ានក៏ដូចជាជំរុញភាពជាដៃគូរបស់អាស៊ានក្នុងសហគមន៍ពិភពលោក។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំបានជ្រើសរើសយក ប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ“ការផ្សារភ្ជាប់និងការបន្សាំដោយម្ចាស់ការ”។ កត្តាទាំងពីរនេះមានភាពជិតស្និទ្ធិនឹងគ្នា។ សហគមន៍ដែលមានការតភ្ជាប់ និងការអភិវឌ្ឍ គឺចាំចាច់ ត្រូវមានការបន្សាំ ដោយម្ចាស់ការចំពោះឥទ្ធិពលពីខាងក្រៅ ហើយសមត្ថភាពបន្សាំដោយម្ចាស់ការគឺទាមទាឲ្យអាស៊ានត្រូវតភ្ជាប់យ៉ាងស្អិតរមួតដែរ។ វៀតណាមទន្ទឹងរង់ចាំនូវការគាំទ្រ ឧបត្ថម្ភយ៉ាងសកម្មពីសំណាក់បណ្ដាប្រទេសជាសមាជិក និងបណ្ដាប្រទេសដៃគូនានា ដើម្បីអនុវត្តន៍ជាក់ស្ដែងប្រធានបទ និងស្មារតរីនៃឆ្នាំ អាស៊ាន ២០២០។ លើសពីនេះទៅទៀត ដល់ពេលដែលយើងត្រូវបង្កើនការត្រិះរិះនិងធ្វើការជាមួយគ្នាក្នុងនាមជាអង្គភាពដែលមានសាមគ្គីភាពនិងភាពស្អិតរមួត ដើម្បីសម្របខ្លួនប្រកប ដោយប្រសិទ្ធភាពនិងអភិវឌ្ឍប្រកបដោយស្ថិរភាពនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរឥតឈប់ឈរ”៕