វៀតណាមនិងកាណាដាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - នាថ្ងៃទី ២ វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនិងការទូត និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង CPTPP ដោយខិតខំនាំយកចំណូលទ្វេភាគីឡើងដល់ជាង ៨ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកាណាដាបើកទ្វារសម្រាប់ទីផ្សារជលផលនិងផលិតផលកសិកម្មរបស់វៀតណាម ហើយទន្ទឹមនឹងនោះចង់ឱ្យសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរគួរតែជំរុញការចរចាលើការទទួលស្គាល់ទិដ្ឋាការបៃតង និងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមក (លិខិតឆ្លងដែនវ៉ាក់សាំង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកាណាដាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកាណាដា។ ចំណែកនាយករដ្ឋមន្ត្រីលោក Trudeau បានស្វាគមន៍ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅកាណាដា ដោយអះអាងនូវការត្រៀមជាស្រេចក្នុងការបណ្ដុះបណ្ដាលនិស្សិតឱ្យវៀតណាមមកសិក្សាស្រាវជ្រាវក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជនជាមួយវៀតណាម។
អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការរក្សាសន្តិភាព និងស្ថិរភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ លើកកម្ពស់ផលប្រយោជន៍សមស្របនិងស្របច្បាប់ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពរួម។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Babis, ប្រធានាធិបតីអាមេនី Armen Sarkisian, ប្រធានាធិបតី Zambian Hakainde Hichilema និងអភិបាលក្រុង Los Angeles លោក Eric Garcetti ផងដែរ៕