វៀតណាមនិងកម្ពុជាចេញសេចក្តីថ្លែងការណ៍រួមដោយឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃ ២២ ខែធ្នូ ភាគីទាំងពីរវៀតណាម និងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (រូបថត៖ Thong Nhat/TTXVN) |
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍បើកសម្រាប់ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”។ ដោយឆ្ពោះទៅរកព្រឹត្តិការណ៍ដ៏សំខាន់នេះ ភាគីទាំងពីរបានឯកភាព បង្កើនទំនាក់ទំនងកម្រិតខ្ពស់ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; លើកទឹកចិត្តឱ្យមានសកម្មភាពជួបប្រាស្រ័យប្រជាជន; ពង្រឹងការផ្សព្វផ្សាយនិងអប់រំប្រជាជនអំពីប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងទំនុកចិត្តទៅវិញទៅមករវាងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ; បង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងការពារព្រំដែន; បន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរក ជីកគាស់កកាយនិងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលត្រូវពលីនៅកម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ ការថែទាំសុខភាព ច្បាប់ យុត្តិធម៌ វប្បធម៌ អាកាសចរណ៍ ធនាគារ ជាដើម។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលឆ្លើយតបនឹងផល ប៉ះពាល់ លើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គមបណ្តាលពី ជំងឺរាតត្បាតកូវីដ-១៩។ ជាពិសេស វៀតណាមនិងកម្ពុជានឹងពន្លឿនការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វ៉ាក់សាំង (Vaccine passport) វិញ្ញាបនបត្របញ្ជាក់ចាក់វ៉ាក់សាំងបង្ការប្រឆាំងនឹងកូវីដ-១៩។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីនានាបានចែករំលែកទស្សនៈទៅវិញទៅមក ហើយបានឯកភាពបន្តសម្របសម្រួលយ៉ាងស្អិតរមួត ក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនិងក្នុងតំបន់ ក៏ដូចជាក្នុងក្របខ័ណ្ឌអនុតំបន់។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងគាំទ្រកម្ពុជាលើកម្រិតខ្ពស់បំផុត ក្នុងដំណើរការដែលកម្ពុជាកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយប្រធានបទ “អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើគោលជំហររួមរបស់អាស៊ានលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ជំរុញការសន្ទនានិងការកសាងទំនុកចិត្ត គោរពតាមច្បាប់អន្តរជាតិ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕