វៀតណាមនឹងជួយឧបត្ថម្ភគុយបាដោយអស់ពីសមត្ថភាពរបស់ខ្លួន

(VOVWORLD) - នារសៀលថ្ងៃទី២៧ កញ្ញា នៅទីស្នាក់មជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបលោក Esteban Lazo Hernandez ប្រធានរដ្ឋសភានៃសាធារណរដ្ឋគុយបា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋ គុយបា អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួប ៥០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេសលោក Fidel Castro មកតំបន់រំដោះខេត្ត Quang Tri ភាគខាងត្បូងវៀតណាម (ខែកញ្ញា ឆ្នាំ ១៩៧៣ - ខែកញ្ញា ឆ្នាំ២០២៣)។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez បានឯកភាពបន្តពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយរវាងបក្សទាំងពីរ ដែលជាទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន អង្គការ និងមូលដ្ឋាននៃប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយភាពបត់បែននូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកម្មវិធី ដែលបានចុះហត្ថលេខា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរទ្រឹស្ដី បទពិសោធន៍ ហើយជ្រើសរើសវិស័យដែលមានសក្ដានុពល និងវិធីសាស្ត្រសមស្រប ដើម្បីបង្កើតការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ជីវបច្ចេកវិទ្យា និងសុខាភិបាល...។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរព ថែរក្សា និងប្តេជ្ញាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា។ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺតែងតែរួបរួម គាំទ្រគុយបា ប្រឆាំងនិងអំពាវនាវឱ្យបញ្ចប់គោលនយោបាយឡោមព័ទ្ធ និងហ៊ុមព័ទ្ធគុយបា។ វៀតណាមចែករំលែកការលំបាករបស់គុយបា ហើយនឹងខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគុយបាដោយអស់ពីសមត្ថភាពរបស់ខ្លួន។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបា ជានិច្ចកាលគោរពទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងគុយបា និងវៀតណាមក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំ និងប្រជាជនគុយបាមានបំណងចង់ពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ព្រមទាំងកំណត់ថាទំនាក់ទំនងជាមួយវៀតណាមមានអត្ថន័យយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ