វៀតណាមនឹងបន្តស្វែងរកប្រភពវ៉ាក់សាំងដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែមិថុនា ក្រសួងការបរទេសវៀត ណាមបានរៀបចំសន្និសីទ សារព័ត៌មានជាប្រចាំខែមិថុនាតាមប្រព័ន្ធវីដេអូ ដើម្បីជូនដំណឹងពីខ្លឹមសារកិច្ចការបរ ទេសគួរឲ្យយកចិត្តទុកដាក់ ជាពិសេសគឺបញ្ហាសន្តិសុខ អធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាគោលនយោបាយរបស់វៀតណាមដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃ ជម្ងឺរាតត្បាតនាបច្ចុប្បន្នផងដែរ។

វៀតណាមនឹងបន្តស្វែងរកប្រភពវ៉ាក់សាំងដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte.vn)

នៅចំពោះមុខព័ត៌មានដែលថា នាវាឆ្មាំសមុទ្ររបស់ចិនមានវត្តមាននៅជិតកោះ Tri Ton ស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ដែលចិនកំពុងទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ “ស្ថាប័នសមត្ថកិច្ចរបស់វៀតណាមតែងតែតាមដានយ៉ាងដិតដល់គ្រប់សកម្មភាពទាំងអស់នៅប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាតំបន់សមុទ្រផ្សេងៗទៀតរបស់វៀតណាមនៅសមុទ្រខាងកើត។ ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួននៅប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ ជាសមាជិកនៃ UNCLOS ១៩៨២ វៀតណាមមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការចំពោះតំបន់សមុទ្រពាក់ព័ន្ធនានានៅសមុទ្រខាងកើត ដែលត្រូវបានកំណត់ដោយអនុលោមតាមអនុសញ្ញានេះ”។

ក៏ពាក់ព័ន្ធដល់បញ្ហាអធិបតេយ្យភាពកោះសមុទ្រផងដែរ នៅចំពោះមុខដំណើរទស្សនកិច្ចរបស់លោកអគ្គសេនាធិការកងទ័ពហ្វីលីពីនទៅកាន់កោះ Thi Tu ស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់ វៀតណាម ដែលហ្វីលីពីនកំពុងទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “វៀតណាមប្រឆាំងជំទាស់សកម្មភាពទាំងអស់ដែលរំលោភបំពានទៅលើអធិប តេយ្យភាពនិងសិទ្ធិពាក់ព័ន្ធរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa។ វៀតណាមស្នើឲ្យភាគីពាក់ព័ន្ធនានាគោរពអធិបតេយ្យភាពរបស់វៀតណាម គោរពច្បាប់អន្តរជាតិនិង DOC ហើយមិនមានសកម្មភាពបណ្ដាលឲ្យស្ថានភាពស្មុគស្មាញថែមទៀត។ ទន្ទឹមនឹងនោះចូលរួមវិភាគទានយ៉ាងជាក់ស្ដែងនិងសកម្មទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព នៅតំបន់ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ការចរចា COC ផងដែរ”។

ទាក់ទងនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការបង្កើតមូលនិធិវ៉ាក់សាំងនោះ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមបានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយឥតគិតថ្លៃ ជូនប្រជាជនទាំងមូល សំដៅទទួល បានភាពស៊ាំក្នុងសហគមន៍ ហើយចាត់ទុកថា នេះគឺជាដំណោះស្រាយជាគន្លឹះ ដែលមានលក្ខណៈសម្រេច ដើម្បីរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩។ លោកស្រីបានអះអាងថា៖ “ការបង្កើតមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺដើម្បីគ្រប់គ្រង និងប្រើប្រាស់ប្រភពធនធាន និងទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត វ៉ាក់សាំងរបស់បណ្ដាអង្គការ បុគ្គលនៅក្នុង និងក្រៅប្រទេស ក៏ដូចជាប្រភពទុនស្របច្បាប់ផ្សេងទៀតដើម្បី ផ្តល់វ៉ាក់សាំងសម្រាប់ប្រជាជន។ រហូតមកដល់ពេលនេះ មូលនិធិវ៉ាក់សាំង ទទួលបានការគាំទ្រដោយស្ម័គ្រចិត្តរបស់អង្គភាព បុគ្គល អង្គការសហគ្រាសក្នុងប្រទេស និងសហគ្រាសបរទេសមួយចំនួនទៀត។ បក្ស និងរដ្ឋគោរពការរួមវិភាគទានទាំងនេះ ហើយសន្យាថា នឹងគ្រប់គ្រង ឃ្លាំមើលសកម្មភាព និងប្រើប្រាស់មូលនិធីនេះប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលការណ៍ ច្បាប់ ដើម្បីបម្រើ និងធានាសុខភាពជូនប្រជាជន រក្សាស្ថិរភាពផលិតកម្មរបស់សហគ្រាសផងដែរ”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ក៏បានអបអរសាទរចំពោះយុទ្ធសាស្ត្រផ្ដល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥០០ លានដូសរបស់សហរដ្ឋអាមេរិកសម្រាប់ពិភពលោកទាំងមូល ក្នុងនោះវៀតណាមគឺជាប្រទេសមួយដែលទទួលបានការផ្ដល់វ៉ាក់សាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ