វៀតណាមនិងបារាំង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឱ្យបារាំងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀត ណាម-សហភាពអឺរ៉ុប (EVIPA) សំដៅលើកកំពស់សក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery (រូបថត៖TTXVN) |
នារសៀលថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរ បន្តជំរុញទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជន។
លោកប្រធានរដ្ឋបានស្នើឱ្យបារាំងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) សំដៅលើកកំពស់សក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយវាយតម្លៃខ្ពស់នូវទស្សនៈរបស់បារាំងចំពោះបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋសង្ឃឹមថា បារាំងនឹងបន្តគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញប្រធានាធិបតីបារាំង លោក Emmanuel Macron មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានឲ្យដឹងថា ប្រធានាធិបតីបារាំងមានបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ Vo Van Thuong ម្តងទៀត ដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ បារាំងត្រៀមជាស្រេច សហការជាមួយវៀតណាមក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌និងស្ថាបត្យកម្មបារាំងនៅហាណូយ៕