វៀតណាមនិងរុស្ស៊ីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ វៀតណាមចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។
វៀតណាមនិងរុស្ស៊ីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (ខាងឆ្វេង) (រូបថត៖ Zing) 


 
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបរចាជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា គោលជំហរដោយឥតងាករេរបស់វៀតណាមនោះគឺជានិច្ចកាលគោរពនិងផ្ដល់អាទិភាពដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ ចំណែកឯនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev វិញ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

វៀតណាមនិងរុស្ស៊ីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2 ទិដ្ឋភាពនៃជំនួបចរចារវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (រូបថត៖ Zing)

        នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាលើទិសដៅនិងវិធានការ សំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីប្រកបដោយភាពស៊ីជំរៅនិងចីរភាព។ នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរដើម្បីសហប្រតិបត្តិការគ្នារុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម និងនៅលើដែនដីរុស្ស៊ី ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗលើវិស័យថាមពល ឧស្សាហកម្ម គមនាគមន៍ដឹកជញ្ជូន កសិកម្ម ព្រមទាំងបើកពង្រីកកិច្ចសហប្រតិបតិ្តការដល់វិស័យព័ត៌មានបច្ចេកវិទ្យាឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក ហើយអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តអនុវត្តន៍គម្រោងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នុយក្លេអ៊ែរនៅវៀតណាមដោយមានតម្លៃ៣៥០លានដុល្លាអាមេរិក ផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនានា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ