វៀតណាមនិងឡាវចុះហត្ថលេខាលើឯកសារចំនួន១៧សម្រាប់តម្រង់ទិសដៅទំនាក់ទំនងសហប្រតិបត្តិការនាពេលអនាគត
(VOVWORLD) - នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ធ្នូ ភាគីទាំងពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការក្នុងឆ្នាំ២០២១និងដំណាក់កាលពី៥ដល់១០ឆ្នាំខាងមុខ ហើយសហការគ្នាផ្ដោតការយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ។
ក្រោមសក្ខីភាពលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith ថ្នាក់ដឹកនាំក្រសួងនានានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈយោគយល់គ្នាចំនួន១៧។ (រូបថត៖ VGP) |
តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយធ្វើជាសហអធិបតីនៅកិច្ចប្រជុំលើកទី៤៣គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន១៧។
នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ធ្នូ ភាគីទាំងពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការក្នុងឆ្នាំ២០២១និងដំណាក់កាលពី៥ដល់១០ឆ្នាំខាងមុខ ហើយសហការគ្នាផ្ដោតការយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានដាក់ចេញវិធានការដ៏ខ្លាំងក្លានិងជាក់ស្ដែងជាច្រើន ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងនយោបាយ-ការទូតទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិដែលជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី ផ្ដល់អាទិភាពពិសេសដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ-បណ្ដុះបណ្ដាល ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការតភ្ជាប់គ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ជាពិសេសគឺការតភ្ជាប់ខាងផ្លូវដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ ផងដែរ។
ភាគីទាំងពីរបានអះអាងថា នឹងបន្តសហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានានា នៅទាំងក្នុងតំបន់និងលើពិភពលោក ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន យន្តការអនុតំបន់មេគង្គ និងនៅអង្គការសហប្រជាជាតិ។ ភាគីទាំងពីរនឹងបន្តបង្កើនការពិគ្រោះយោបល់ ការជួយគាំទ្រគ្នាទៅវិញទៅមក សំដៅលើកកំពស់ឋានៈនិងភាពម្ចាស់ការរបស់ប្រទេសនៅក្នុងបញ្ហាសន្តិសុខយុទ្ធសាស្ត្រនានានៅក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត ទន្លេមេមង្គ។ ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា នឹងរួមដំណើរជាមួយប្រទេសសមាជិកអាស៊ានដទៃទៀតបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ជំរុញចំណសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ានក៏ដូចជាដំណើរការកសាងសហគមន៍អាស៊ានផងដែរ។
បញ្ចប់កិច្ចប្រជុំ ក្រោមសក្ខីភាពលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith ថ្នាក់ដឹកនាំក្រសួងនានានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈយោគយល់គ្នាចំនួន១៧៕