វៀតណាមនិងអាល្លឺម៉ង់ ជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Frank-Walter Steinmeier និងលោកជំទាំវ ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមករា)។ 
វៀតណាមនិងអាល្លឺម៉ង់ ជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់
លោក Frank-Walter Steinmeier នៅក្នុងសន្និសីទសារព័ត៌មានរួម។ (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សាការងារ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយអាល្លឺម៉ង់; ស្នើឲ្យអាល្លឺម៉ង់បន្តជួយកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលដែលប្រទេសនីមួយៗមានប្រៀបខ្លាំង ក្នុងការជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក; ស្នើឲ្យអាល្លឺម៉ង់គាំទ្រវៀតណាម ពង្រឹងទំនាក់ទំនងជាមួយ EU បំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ។ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖

“ដោយឈរលើស្មារតីនៃការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក ឯកឧត្តមប្រធានាធិបតីនិងខ្ញុំបានវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ; បន្តជំរុញខ្លាំងទំនាក់ទំនងទ្វេភាគីលើវិស័យសហប្រតិបត្តិការប្រពៃណី និងពង្រីកទៅកាន់វិស័យសហប្រតិបត្តិការថ្មីៗ ផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់លើគ្រប់កាណាល់ អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ កសាងយន្តការសហប្រតិបត្តិការថ្មី; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ (១៩៧៥ - ២០២៥)។ រាល់ប្រការដ៏ល្អប្រសើរដែលយើងខ្ញុំបានព្រមព្រៀងគ្នាត្រូវការសកម្មភាពយ៉ាងសកម្ម និងជាក់ស្ដែង ជាមួយនឹងការទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបាន។ យើងខ្ញុំនឹងធ្វើសកម្មភាពរួមគ្នា ដើម្បីសេចក្តីសុភមង្គលរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។

រីឯខ្លួនវិញ ប្រធានាធិបតីអាល្លឺម៉ង់បានអះអាងថា អាល្លឺម៉ង់នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រវៀតណាមក្នុងដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា យុត្តិធម៌ និងកសិកម្ម; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពហុភាគី។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី និងសមស្របជាមួយច្បាប់អន្តរជាតិផងដែរ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីពលករចំណាកស្រុករវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមជាមួយក្រសួងការងារ និងសង្គមកិច្ចសហព័ន្ធអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ