វៀតណាមនិងអាស៊ានគឺជាអាទិភាពចម្បងនៃគោលនយោបាយខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេស Yeo Seung-bae ប្រធាន SOM អាស៊ាននៃប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Yeo Seung-bae (រូបថត៖ dangcongsan.vn) |
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា កូរ៉េខាងត្បូងតែងតែជាដៃគូសំខាន់សម្រាប់អាស៊ាននិងវៀតណាម ហើយសង្កត់ធ្ងន់ថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញទំនួលខុសត្រូវក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងក្នុងរយៈពេល បីឆ្នាំខាងមុខ សម្របសម្រួលយ៉ាងសកម្មដើម្បីជំរុញការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង និងរួមចំណែកលើកកម្ពស់ភាពជាដៃគូមេគង្គ-កូរ៉េខាងត្បូង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋាភិ បាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ធុរកិច្ចកូរ៉េខាងត្បូង ដើម្បីជំនះផលវិបាកនៃជំងឺកូវីដ-១៩ និងបង្កើនការវិនិយោគធ្វើអាជីវកម្មនិងពង្រីកផលិតកម្មនៅវៀតណាម។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានអះអាងថា វៀតណាមនិងអាស៊ានគឺជាគោលដៅអាទិភាពនៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់កូរ៉េខាងត្បូង (NSPP); កូរ៉េខាងត្បូងនឹងបន្តសម្របសម្រួលជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងការរាតត្បាត និងជំរុញការស្តារឡើងវិញ រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ៕