វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុននិងអូស្ត្រាលី
Anh Tuan - Manh Ha/VOV -  
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ (OECD) ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Kamikawa Yoko និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Kamikawa Yoko (រូបថត៖ VOV) |
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Kamikawa Yoko លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា ជប៉ុនយកចិត្តទុកដាក់លើការជំរុញការវិនិយោគ និងបន្តអនុវត្តន៍គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចនៅវៀត ណាម ដើម្បីបង្កើនថែមទៀតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ចំណែកលោកស្រីរដ្ឋមន្ត្រី Kamikawa Yoko បានស្វាគមន៍ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាម នៅពេលទទួលបន្ទុកជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD (២០២២-២០២៥); គាំទ្ររាល់គំនិតផ្តួចផ្តើម និងអាទិភាពនានាដែលវៀតណាមស្នើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយ OECD ជាពិសេសចូលរួមគណៈកម្មាធិការ និងទាញយកប្រយោជន៍ពីធនធាន OECD ដើម្បីបម្រើដល់ការអភិវឌ្ឍគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រី Yoko បានយល់ព្រមគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វៀតណាម។
ទិដ្ឋភាពនៃជំនួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី Tim Ayres (រូបថត៖ VOV) |
ជួបសន្ទនាជាមួយសហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី Tim Ayres លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា ភាគីទាំងពីរបញ្ចប់យ៉ាងឆាប់ៗ ការកសាងកម្មវិធីសកម្មភាពអនុវត្តក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី; បន្តធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ បណ្តុះបណ្តាល កម្លាំងពលកម្ម ... និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល។
ខាងភាគីអូស្ត្រាលី លោករដ្ឋមន្ត្រី Tim Ayres បានអះអាងថា លោកនឹងបន្តគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងរឹងមាំជាមួយ OECD; ឯកភាពអនុវត្តគម្រោងនានាក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD (MOU) ដោយទាញយកផលប្រយោជន៍ពីធនធាន OECD ដើម្បីបម្រើដល់ការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់វៀតណាម៕
Anh Tuan - Manh Ha/VOV