វៀតណាម-ប៊ុលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីកាល នាថ្ងៃទី ២៥ ខែកញ្ញា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ VOV) |
នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតការបណ្តាក់ទុនរួមគ្នាលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ជាពិសេសផ្នែកភស្តុភារ ការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីជាដើម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue សង្ឃឹមថា ប្រធានាធិបតី Rumen Radev រដ្ឋសភា និងរដ្ឋាភិបាលប៊ុលហ្គារីបន្តការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព និងសមាហរណកម្មនៅប៊ុលហ្គារី។
រីឯខ្លួនវិញ ប្រធានាធិបតីប៊ុលហ្គារីបានអះអាងនូវការគាំទ្រចំពោះគោលជំហរ និងទស្សនៈរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅថ្ងៃដដែលនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី Nikolai Denkov។ ភាគីទាំងពីរបានបញ្ជាក់ ពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទិសដៅ ប្រកបដោយតុល្យភាព និងនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពនឹងដឹកនាំកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី ក្នុងឆ្នាំ ២០២៣ ដើម្បីពិនិត្យ និងឯកភាពលើវិធានការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ VOV) |
នាល្ងាចថ្ងៃដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមវេទិកាគោលនយោបាយ និងច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង វៀតណាម និងប៊ុលហ្គារី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “តាមរយៈការពិភាក្សា ថ្នាក់ដឹកនាំប៊ុលហ្គារីបានស្នើថា អាជីវកម្មនៃប្រទេសទាំងពីរគួរតែបង្កើតគំរូបណ្តាក់ទុនរួមគ្នាដើម្បីបណ្តាក់ទុនលើទីផ្សារគ្នាទៅវិញទៅមក ឬបណ្តាក់ទុនក្នុងទីផ្សារប្រទេសទីបី។ ជាមួយនឹងមុខតំណែងពិសេសប៊ុលហ្គារីអាចបណ្តាក់ទុននៅវៀតណាម ហើយដោយហេតុនេះ បណ្តាក់ទុនក្នុងទីផ្សារប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រជាជនច្រើនជាង ៦៥០ លាននាក់ ហើយផ្ទុយមកវិញ ជាមួយនឹងទីតាំងភូមិសាស្ត្រដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប៊ុលហ្គារីនៅលើឆ្នេរសមុទ្រខ្មៅ អាជីវកម្មវៀតណាមអាចតភ្ជាប់ជាមួយអាជីវកម្មប៊ុលហ្គារីដើម្បីជ្រៀតចូលទីផ្សារអឺរ៉ុប និងប្រទេសតំបន់បាល់កង់។ នេះជាគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានជួបគ្នាក្នុងជំនួបនោះ ដោយស្នើឲ្យធុរកិច្ចចូលរួមវេទិកាស្រាវជ្រាវ និងដាក់ពង្រាយទម្រង់នៃកិច្ចសហប្រតិបត្តិការនេះ”។
ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសវិនិយោគអាជីវកម្មអំណោយផលបំផុតសម្រាប់អាជីវកម្មទាំងអស់ផងដែរ៕