វៀតណាមម្ចាស់ការអនុវត្ត “បទប្បញ្ញត្តិទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ” របស់សហភាពអឺរ៉ុប
(VOVWORLD) - វៀតណាមបានម្ចាស់ការអនុវត្ត និងរៀបចំលក្ខខណ្ឌចាំបាច់ដើម្បីបំពេញតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការនាំចូលនិងនាំចេញផលិតផលដែលមិនបង្កការកាប់បំផ្លាញព្រៃឈើនិងការរិចរិលព្រៃឈើរបស់សហភាពអឺរ៉ុប (ហៅកាត់ថា បទប្បញ្ញត្តិទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ)។
នេះជាការវាយតម្លៃរបស់លោក Rui Ludovino ទីប្រឹក្សាគោលនយោបាយបម្រែបម្រួលអាកាសធាតុ បរិស្ថាន ការងារ និងសង្គម របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ក្នុងសិក្ខាសាលា “ការផ្លាស់ប្តូរបច្ចេកទេសស្តីពីបទប្បញ្ញត្តិទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមិនបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសវៀតណាម” នាថ្ងៃទី ១២ កក្កដា ក្នុងខេត្ត Dak Lak។
បទប្បញ្ញត្តិទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុបក្នុងខែមិថុនាឆ្នាំ ២០២៣ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥ ចំពោះសហគ្រាសធំៗ និងអនុវត្តចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ចំពោះដល់សហគ្រាសធុនតូច និងមធ្យម។ ជាមួយនឹងបទប្បញ្ញត្តិនេះ សហភាពអឺរ៉ុបរំពឹងថា នឹងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនិចយ៉ាងហោចណាស់ ៣២ លានតោន/ឆ្នាំ ដោយសារតែការផលិត និងការប្រើប្រាស់ផលិតផលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ។ វៀតណាមមានមុខទំនិញចំនួនបីដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីបទប្បញ្ញត្តិនេះ រួមមាន កាហ្វេ កៅស៊ូ ឈើ និងផលិតផលពីឈើ។
យោងតាមលោក Rui Ludovino ទីប្រឹក្សាគោលនយោបាយបម្រែបម្រួលអាកាសធាតុ បរិស្ថាន ការងារ និងសង្គម របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានឲ្យដឹងថា ពេលវេលានៃការអនុវត្តបទប្បញ្ញត្តិទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើកាន់តែខិតជិតមកដល់ ប៉ុន្តែជាមួយនឹងការរៀបចំទាន់ពេលនិងស្មារតីទទួលខុសត្រូវខ្ពស់របស់វៀតណាម ជាពិសេសពីអង្គភាពអាជីវកម្ម សហភាពអឺរ៉ុបជឿជាក់ថា វៀតណាមអាចបំពេញតម្រូវការបទបញ្ញត្តិបានយ៉ាងល្អ៕