វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់លើវិស័យថាមពល
(VOVWORLD) - ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងដល់ទំនាក់ទំនងទ្វេភាគី។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael Kellner - សមាជិករដ្ឋសភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ សហព័ន្ធអាល្លឺម៉ង់។ ប្រភព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម |
នារសៀលថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael Kellner - សមាជិករដ្ឋសភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ សហព័ន្ធអាល្លឺម៉ង់ និងជាប្រធានគណៈប្រតិភូសេដ្ឋកិច្ច រួមមានតំណាងអាជីវកម្មធំៗរបស់អាល្លឺម៉ង់ចំនួន ១២ អមដំណើរប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងដល់ទំនាក់ទំនងទ្វេភាគី។ តាមនោះ កិច្ចព្រមព្រៀង EVFTA បានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចវៀតណាម ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងវៀតណាម និងអាល្លឺម៉ង់។
ទាក់ទិននឹងវិស័យថាមពល ភាគីវៀតណាមជឿជាក់ថា ផែនការថាមពលទី ៨ ដែលទើបនឹងត្រូវបានវៀតណាមអនុម័តបានបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ផ្នែកថាមពល បើកឱកាសសម្រាប់វិនិយោគិនអន្តរជាតិ ក្នុងនោះមានវិនិយោគិនអាល្លឺម៉ង់ផងដែរ។ ដូច្នេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងសហគ្រាសអាល្លឺម៉ង់លើវិស័យដូចជា៖ បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (ជំនោរ រលកសមុទ្រ កំដៅលើផែនដី) និងថាមពលថ្មី (អ៊ីដ្រូសែន amoniac បៃតង)។ ផលិតឧបករណ៍បម្រើផ្នែកថាមពល បច្ចេកវិទ្យាផ្ទុកថាមពលជឿនលឿន ជាដើម។
ជាការឆ្លើយតប លោក Michael Kellner និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់បានវាយតម្លៃថាវៀតណាមជាទីផ្សារដ៏ស្វាហាប់ហើយមានសក្តានុពលជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស សហគ្រាសក្នុងគណៈប្រតិភូមានបំណងចង់សហការ និងបណ្តាក់ទុនជាមួយក្រុមហ៊ុននៅវៀតណាមលើវិស័យជាក់លាក់ដូចជា៖ ថាមពលកកើតឡើងវិញ ឧបករណ៍ បច្ចេកវិជ្ជាវាស់វែងឧស្សាហកម្ម សម្ភារៈថ្មី និងសេវាកម្មបរិស្ថាន៕