វៀតណាមមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ២ ខែតុលា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Stephan Weil អភិបាលរដ្ឋ Lower Saxony នៃអាល្លឺម៉ង់ ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Stephan Weil អភិបាលរដ្ឋ Lower Saxony នៃប្រទេសអាល្លឺម៉ង់ (រូបថត៖ VGP/Nhat Bac) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយអាល្លឺម៉ង់និយាយរួម និងជាមួយរដ្ឋ Lower Saxony និយាយដោយឡែក; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានស្នើរថា អាជ្ញាធររដ្ឋ Lower Saxony លើកទឹកចិត្តអង្គភាពអាជីវកម្មរបស់រដ្ឋមកបណ្តាក់ទុននៅវៀតណាមលើវិស័យសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ; ទន្ទឹមនឹងនោះ យើងគាំទ្ររដ្ឋសភាអាល្លឺម៉ង់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ក៏ដូចជា ជំរុញឲ្យគណៈកម្មការអឺរ៉ុបដកកាតលឿងលើអាហារសមុទ្រវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនបរទេស ក្នុងនោះមានទាំងក្រុមហ៊ុនអាល្លឺម៉ង់ មកស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ និងបង្កើនសកម្មភាពធុរកិច្ច និងវិនិយោគនៅវៀតណាម ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការយូរអង្វែង និងភាពសុខដុមរមនានៃផលប្រយោជន៍។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac) |
រីឯខ្លួនវិញ អភិបាលរដ្ឋ Lower Saxony លោក Stephan Weil បានអះអាងថា រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចរដ្ឋ Lower Saxony មានបំណងចង់បង្កើតទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូ និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចវៀតណាម; ប្ដេជ្ញានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ឱ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕