វៀតណាម-ម៉ូសំប៊ិកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋម៉ូសំប៊ិក នារសៀលថ្ងៃទី ១២ ខែកញ្ញា - ម៉ោងក្នុងស្រុក នៅរដ្ឋធានី Maputo អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMOO) និងជាប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Nyusi។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMOO) និងជាប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Nyusi (រូបថត៖ VNA) |
នាពេលខាងមុខ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបជាន់ខ្ពស់នៅកាណាល់បក្ស រដ្ឋ និងជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ លោកប្រធានាធិបតីម៉ូសំប៊ិក បានអះអាងពីការបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាមវិនិយោគ និងធ្វើអាជីវកម្មលើវិស័យដូចជា ទូរគមនាគមន៍ និងធ្វើអាជីវកម្មរ៉ែ។ ក្នុងពេលនោះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍វារីវប្បធកម្ម កែច្នៃកសិផល និងជលផល។ ស្ដីពីវិស័យអប់រំ-បណ្ដុះបណ្ដាល និងសុខាភិបាល លោកប្រធានាធិបតី Filipe Nyusi បានស្នើឱ្យវៀតណាមសិក្សាស្រាវជ្រាវបើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅ ម៉ូសំប៊ិក និងចាត់បញ្ជូនអ្នកជំនាញសុខាភិបាលទៅកាន់ម៉ូសំប៊ិក។
នាថ្ងៃដដែល ក្នុងជំនួបជាមួយអគ្គលេខាធិការបក្សរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMO) លោក Roque Silva ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបន្តអនុវត្តន៍លទ្ធផលនៃកិច្ចពិភាក្សាតាមអនឡាញរវាងអគ្គលេខាបក្សលោក Nguyen Phu Trong ជាមួយប្រធានាធិបតី និងជាប្រធានគណៈបក្ស FRELIMO នាខែមិថុនាឆ្នាំមុន ជំរុញខ្លាំងការផ្លាស់ប្តូរបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាលរវាងសាលាគណៈបក្សកណ្ដាល FRELIMO និងវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មីរវាងបក្សម្មុយនិស្ត វៀតណាម និងគណបក្ស FRELIMO។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាធិការបក្សរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMO) លោក Roque Silva (រូបថត៖ VNA) |
នាថ្ងៃដដែល អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperança Bias។ ថ្នាក់ដឹកនាំទាំងពីរមានគោលបំណងចង់នាំទំនាក់ទំនងសភាក្លាយទៅជាកាណាល់ដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។ ជាក់ស្ដែង ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកតួនាទីរបស់រដ្ឋសភាក្នុងការឃ្លាំមើល និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភា ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តន៍ “អនុស្សរណៈនៃការយោគយល់គ្នា”រវាងរដ្ឋសភាម៉ូសំប៊ិក និងវៀតណាម ប្រកបដោយមានប្រសិទ្ធភាពជាក់ស្ដែង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាលោកស្រី Esperança Bias កាលពីខែមិថុនាកន្លងទៅ។
នាថ្ងៃដដែល អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅម៉ូសំប៊ិកផងដែរ៕