វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី៨ កុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជម្រាបដល់ប្រធានគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” Dmitry Medvedev អំពីលទ្ធផលសំខាន់ៗនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ ទំនាក់ទំនងរវាបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ភាគីទាំងពីរ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោកផងដែរ។
រីឯខ្លួនវិញ ប្រធានគណៈបក្ស ប្រទេសរុស្ស៊ីឯកភាព អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានអបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ដែលត្រូវបានមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបោះឆ្នោតជ្រើសតាំងបន្តជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សសម្រាប់នីតិកាលថ្មី។ លោក Medvedev បានជម្រាបថា រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក៏ដូចជាលើវិស័យដទៃទៀត ព្រមទាំងអះអាងថា រុស្ស៊ីយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមផងដែរ៕