វៀតណាមយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអារ៉ាប់ប៊ីសាអូឌីត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានទទួលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍អារ៉ាប់ប៊ីសាអូឌីត លោក Ahmed bin Aqeel- Khateeb ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អារ៉ាប៊ីសាអូឌីត លោក Ahmed bin Aqeel-Khateeb។ រូបថត៖ An Dang/VNA |
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអារ៉ាប់ប៊ីសាអូឌីត ដែលជាដៃគូសំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា។ ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអារ៉ាប់ប៊ីសាអូឌីតនឹងមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ; ហើយបានស្នើឲ្យអារ៉ាប់ប៊ីសាអូឌីតជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍផ្នែកហាឡាល់ និងជ្រៀតចូលទីផ្សារទំនិញនិងសេវាកម្មតាមស្តង់ដារអ៊ីស្លាមហាឡាល់នៅអារ៉ាប់ប៊ីសាអូឌីត និងបណ្តាប្រទេសអ៊ីស្លាមតាមរយៈការវិនិយោគផលិតកម្ម ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ តាមនោះ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Ahmed Bin Aqeel-Kateeb បានសម្តែងគោលបំណងថា វៀតណាមនិងអារ៉ាប់ប៊ីសាអូឌីត នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា៖ ថាមពល (ប្រេងឥន្ធនៈ ថាមពលបៃតង) វិនិយោគ ឧស្សាហកម្មផលិតកម្ម វប្បធម៌ ឧស្សាហកម្មហាឡាល់ ជាពិសេសគឺកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ និងកីឡា។ លោករដ្ឋមន្ត្រី Ahmed Bin Aqeel-Kateeb ក៏បានអះអាងថា អារ៉ាប៊ីសាអូឌីតនឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តសម្រាប់សហគ្រាសវៀតណាមមកវិនិយោគនៅអារ៉ាប៊ីសាអូឌីត ក៏ដូចជាប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ៕