វៀតណាមអនុវត្តន៍វិធានការគាំពារ និងជួយឧបត្ថម្ភពលរដ្ឋនៅបរទេស
(VOVWORLD) - វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang |
នាថ្ងៃទី៧ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពកិច្ចការគាំពារពលរដ្ឋ ក្នុងស្ថានការណ៍ដែលពលរដ្ឋវៀតណាមត្រូវចាប់បង្ខំឲ្យធ្វើពលកម្មនៅកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ អនុវត្តន៍តាមការដឹកនាំរបស់ក្រសួងការបរទេស បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋានក្នុងប្រទេស ជាពិសេសគឺមូលដ្ឋានជាប់ព្រំដែនជាមួយកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាចាត់វិធានការគាំពារ និងជួយឧបត្ថម្ភជាច្រើនដល់ពលរដ្ឋដែលជួបប្រទះការលំបាកលំបិន ហើយបញ្ជូនមកប្រទេសវិញ ដូចជាបង្កើតក្រុមការងារជំនាញដើម្បីដោះស្រាយសំណើរជួយឧបត្ថម្ភរបស់ពលរដ្ឋ បង្ហោះការព្រមាននៅលើគេហទំព័រ និងគណនីបណ្ដាញសង្គមរបស់ស្ថាប័នតំណាងនានា ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេស ដើម្បីជំរុញការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដោយមានការសម្របសម្រួលពីស្ថាប័នមានសម្ថកិច្ចក្នុងប្រទេស និងកម្ពុជា នាបច្ចុប្បន្ន បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានគាំពារ និងបញ្ជូនពលរដ្ឋជាង ៤០០ នាក់វិលប្រឡប់មកប្រទេសវិញ ព្រមទាំងណែនាំ អន្តរាគមន៍ និងជួយឧបត្ថម្ភផ្លូវគតិយុត្តជូនពលរដ្ឋជាង ១ ៥០០ នាក់ ដែលជួបការលំបាកក្នុងការឆ្លងដែន ការធ្វើដំណើរ ពន្យារពេលស្នាក់នៅ និងការរំលោពបំពាន់លើច្បាប់ផងដែរ។
ទាក់ទងនឹងវិធានការរបស់វៀតណាមសំដៅទប់ស្កាត់ស្ថានការណ៍នេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនស្របតាមការកំណត់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមមានគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាការអភិវឌ្ឍផ្នែកនេសាទជលផលប្រកបដោយចីរភាពឲ្យស្របតាមការកំណត់។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់ផងដែរ៕