វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការ ការពារ និងប្រើប្រាស់ធនធានទឹកឆ្លងកាត់ព្រំដែនប្រកបដោយនិរន្តរភាព

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) វៀតណាមបានសម្របសម្រួលជាមួយស្លូវេនី ស្វីស និងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត ដើម្បីសហការរៀបចំព្រឹត្តិការណ៍ស្តីពី “ការទប់ស្កាត់ការវាយប្រហារលើប្រភពទឹក នៅក្នុងជម្លោះប្រដាប់អាវុធ និងពង្រឹងការការពារ ជនស៊ីវិល” ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ការពារជនស៊ីវិលរបស់អង្គការសហប្រជាជាតិ។

វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការ ការពារ និងប្រើប្រាស់ធនធានទឹកឆ្លងកាត់ព្រំដែនប្រកបដោយនិរន្តរភាព  - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សា (រូបថត៖ Pham Huan/VOV-Washington)

ក្នុងសម័យប្រជុំ តំណាងជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ២៥៧៣ ដែលវៀតណាមបានណែនាំក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ ស្តីពី “ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន” ក្នុងកិច្ចការពារប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹក។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ធនធានទឹកគឺជាកត្តាចាំបាច់បំផុតមួយសម្រាប់ជីវិត និងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍរបស់ប្រជាជន។ ការបំផ្លិចបំផ្លាញសេវាទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹក និងការទទួលបានទឹកស្អាតមានកម្រិតក្នុងអំឡុងពេលមានជម្លោះ បានធ្វើឱ្យជីវភាពរបស់ប្រជា ជនស្លូតត្រង់ ជួបការលំបាកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ការបំពុល និងកង្វះទឹកធ្វើឱ្យអសន្តិសុខស្បៀង និងស្ថានភាពសុខភាពកាន់តែអាក្រក់ ហើយបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែងរបស់ខ្លួន

អាស្រ័យហេតុនេះ វៀតណាមបានស្នើរវិធានការមួយចំនួន ដើម្បីពង្រឹងការការពារប្រភពទឹកក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ជាដំបូង ដោះស្រាយដល់ឫសគល់នៃជម្លោះគឺជាវិធីល្អបំផុត ដើម្បីការពារជនស៊ីវិល និងធន ធានទឹក ជាមួយនឹងតួនាទីសំខាន់របស់ក្រុមប្រឹក្សាសន្តិសុខ។

ទីពីរ គ្រប់ភាគីក្នុងជម្លោះប្រដាប់អាវុធត្រូវគោរពតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពដែលវាយប្រហារប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹក។ ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកឆ្លងដែនគួរតែជាអាទិភាពដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមធម៌នៃធនធានទឹករួមគ្នា រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និងរាំហងស្កាត់ជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ