វៀតណាមអំពាវនាវឲ្យធានាមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
(VOVWORLD) - ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការធានាមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពកំពូលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប ចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ២ កក្កដា បានថ្លែងសុន្ទរកថាតាងនាមក្រុមស្នូលនៃសេចក្តីសម្រេចចិត្តស្តីពីសិទ្ធិមនុស្សនិងការប្រែប្រួលអាកាសធាតុ (វៀតណាម បង់ក្លាដែស និងហ្វីលីពីន) ក្នុងសម័យប្រជុំពិភាក្សាលើប្រធានបទនៃការធានារបរចិញ្ចឹងជីវិតប្រកបដោយនិរន្តរភាពនៅចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ឯកអគ្គរដ្ឋទូត Mai Phan Dung ថ្លែងសុន្ទរកថាតាងនាមក្រុមស្នូលនៃសេចក្តីសម្រេចចិត្តស្តីពីសិទ្ធិមនុស្សនិងការប្រែប្រួលអាកាសធាតុ។ រូបថត៖ TTXVN |
ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការធានាមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពកំពូលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ កំពុងបង្កើនការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ និងប៉ះពាល់ដល់ការទទួលបានសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសក្រុមដែលងាយរងគ្រោះ។ ឯកអគ្គរដ្ឋទូត Mai Phan Dung បានដាស់តឿនសហគមន៍អន្តរជាតិឲ្យពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន។ លោកក៏បានអំពាវនាវឱ្យប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវមូលនិធិសម្រាប់ការបាត់បង់និងការខូចខាត ដែលបានបង្កើតឡើងនៅ COP ២៨ នៅទីក្រុងឌូបៃ (UAE) កាលពីចុងឆ្នាំ២០២៣ ដើម្បីផ្តល់ប្រភពហិរញ្ញវត្ថុចាំបាច់សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕