វៀតណាម - គុយបាជំរុញកិច្ចសហប្រតិបត្តិការព្យាបាលនិងស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ១៨ សីហានៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពាប្រទេសវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៃក្រសួងការពារប្រទេស បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូជំនាញគុយបា ដើម្បីជូនដំណឹងអំពីលទ្ធផលក្នុងការសម្របសម្រួលនិងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ជាមួយគណៈប្រតិភូជំនាញគុយបា។
លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពាប្រទេសវៀតណាម បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូជំនាញគុយបា (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អ្នកជំនាញវេជ្ជសាស្ត្រគុយបាលើកនេះ គឺជាបុព្វបទ ដើម្បីបើកចេញជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យ វេជ្ជសាស្ត្រយោធា។ លោកឧត្តមសេនីយ៍ឯកបានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការព្យាបាលជំងឺ ក្នុងនោះមានបទពិសោធន៍គ្លីនិកក្នុងការប្រើប្រាស់ផលិតផលឱសថ ដែលផលិតដោយភាគីគុយបាសម្រាប់ការព្យាបាលជំងឺ កូវីដ ១៩ និងជំងឺឆ្លងផ្សេងៗទៀត។ លោកបានថ្លែងថា៖
“អំពីការព្យាបាលនោះ យើងគប្បីផ្លាស់ប្ដូរបទពិសោធន៍គ្លីនិក អំពីការ ប្រើប្រាស់ផលិតផលឱសថ ដែលផលិតដោយភាគីគុយបាក្នុងការព្យាបាលជំងឺ កូវីដ ១៩ ហើយថែមទាំង ផ្លាស់ប្តូរបទពិសោធន៍អំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងជំងឺឆ្លងនានាទៀត។ វៀតណាមស្នើឲ្យគុយបាជួយវិទ្យាស្ថានពេទ្យយោធាបណ្តុះបណ្តាលបុគ្គលិកផ្នែកបច្ចេកវិទ្យាជីវសាស្ត្រ ការបង្កើតអង្គបដិប្រាណ ជាដើម ហើយភាគីវៀតណាមត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍អ្នកជំនាញគុយបា មកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្របុរាណ និងការចាក់ម្ជុលវិទ្យាសាស្ត្រ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបន្តស្វែងយល់និងផ្លាស់ប្តូរផលិតផលដែលគុយបានិងវៀតណាមមានប្រៀងខ្លាំង៕