វៀតណាម និងគុយបា សហការរួមគ្នាអនុវត្តន៍តាមរយៈយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល
(VOVWORLD) - នៅរដ្ឋធានីឡាហាវ៉ាន នារសៀលថ្ងៃទី ១៥ មេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេសគុយបា Ricardo Cabrisas។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេស Ricardo Cabrisas (រូបថត៖ VGP/Hai Minh) |
នៅក្នុងជំនួបពិភាក្សានោះ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានពិនិត្យឡើងវិញលើគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មការចម្រុះ របស់រដ្ឋាភិ បាល ទាំងពីរ ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាន ជំរុញថែមទៀតប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ស្វែងរកយន្តការ និងវិធានការជួយឧបត្ថម្ភធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា រួមចំណែកដល់ទំនាក់ទំនងទ្វេភាគី។
ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា (រូបថត៖ VGP/Hai Minh) |
មុននោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា កិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា បានប្រព្រឹត្តទៅនៅរដ្ឋធានីឡាហាវ៉ាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាច្រើននៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងសម្រេចបាននូវខ្លឹមសារសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការកសិកម្ម ហិរញ្ញវត្ថុ សំណង់ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - ការបណ្តុះបណ្តាល សុខភាព - ឱសថ សំណង់ គីមីវិទ្យា វប្បធម៌ - កីឡា - ទេសចរណ៍៕