វៀតណាម - សិង្ហបុរី រួមគ្នាឆ្ពោះទៅអនុវត្តគោលដៅពីរដើរទន្ទឹមគ្នាស្តីពីការទប់ស្កាត់ជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព
(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung និងលេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសសឹង្ហបូរី លោក Chee Wee Kiong បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ MOFA) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីនីមួយៗមានសក្តានុពលនិងប្រៀបខ្លាំងដើម្បីឆ្ពោះទៅអនុវត្តគោលដៅពីរដើរទន្ទឹមគ្នាស្តីពីការគ្រប់គ្រងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាព ព្រមទាំងស្នើឲ្យភាគីសិង្ហបុរី បន្តបង្កើនការវិនិយោគលើវិស័យដែលមានឧត្តមភាព ហើយវៀតណាមក៏មានតម្រូវការផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាថានៅឆ្នាំ ២០២១ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងបន្តរក្សាឲ្យបានរឹងមាំនូវចំណងសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់ខ្លួន ដើម្បីរក្សាសន្ទុះកំណើននៃការកសាងសហគមន៍និងអនុវត្តផែនការ ក៏ដូចជាគំនិតផ្តួចផ្តើមដែលបានឯកភាពគ្នា ព្រមទាំងសហការគ្នាដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញឲ្យបានល្អបំផុតផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជំលោះដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ; គាំទ្រដល់ការអនុវត្តយ៉ាងហ្មត់ចត់និងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងត្បូកើត (DOC) និងការចរចារវាងអាស៊ាននិងចិនដើម្បីទទួលបានក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានជាក់ស្តែង មានប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិផងដែរ៕